សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្ដតម្កល់ «សន្ដិភាព» ជាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា ខណៈអ៊ុយក្រែនកំពុងស្រែករកសន្ដិភាព


នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅតែប្រកាសតម្កល់ «សន្ដិភាព» ជាអាទិភាពខ្ពស់ដដែល ហើយក៏ជាតម្រូវការចាំបាច់របស់មនុស្សជាតិគ្រប់ជាតិសាសន៍ទាំងអស់។ សម្ដេចអះអាងថា មុនពេលមិនទាន់មានសង្គ្រាមមនុស្សម្នាក់ៗ សម្បូរបែបក្នុងការនិយាយពីតម្រូវការបែបនេះ ឬបែបនោះ តែពេលមានសង្គ្រាម គឺផ្ដល់អាទិភាពចម្បងសម្រាប់សុខសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ដើម្បីពន្លត់ភ្លើងសង្គ្រាមហើយនាំយកសុខសន្ដិភាព សម្រាប់មាតុភូមិកម្ពុជា និងប្រជាជននោះ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានលើកជាឧទាហរណ៍សម្រាប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលពេលនេះប្រជាជន និងប្រធានាធិបតីអ៊ុយក្រែន បានផ្តល់អាទិភាពខ្ពស់ចំពោះសុខសន្តិភាព។ ខណៈអាទិភាពចម្បងរបស់កម្ពុជា គឺសុខសន្តិភាពនោះដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលដែលមិនទាន់មានបញ្ហា គឺគេមិនបាននិយាយអំពីបញ្ហាសន្ដិភាព គេសម្បូរបែបនិយាយអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្រាប់កម្ពុជាក៏និយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្ដែកម្ពុជាឲ្យអាទិភាពមុនគេ គឺសន្ដិភាព បើគ្មានសន្ដិភាព គឺគ្មានអ្វីៗទាំងអស់ គ្មានការគោរពសិទ្ធិមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ឥលូវនេះពិភពលោក កំពុងស្រែករកសន្ដិភាពហើយ នៅពេលដែលមិនទាន់មានបញ្ហា គឺគេមិនបាននិយាយអំពីបញ្ហាសន្ដិភាព គេសម្បូរបែបនិយាយអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្រាប់យើង យើងក៏និយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្ដែយើងឲ្យអាទិភាពមុនគេ គឺសន្ដិភាព បើគ្មានសន្ដិភាព គឺគ្មានអ្វីៗទាំងអស់ គ្មានការគោរពសិទ្ធិមនុស្ស រហូតមានការបំពានទៀតផង»

សម្ដេចតេជោបន្ដទៀតថា «បន្ទាប់ពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានកើតឡើង ប្រជាជនអ៊ុយក្រែន ឬរុស្ស៉ី ឬប្រជាជននៅអឺរ៉ុប កំពុងតែភ័យខ្លាច, បើនៅអ៊ុយក្រែន កំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រាម ដែលធ្វើឲ្យប្រជាជនរាប់លាននាក់ត្រូវភៀសខ្លួនចេញក្រៅប្រទេសផង និងភៀសសឹកនៅក្នុងប្រទេសរបស់ខ្លួនផង ឯបណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែព្រួយបារម្ភអំពីសង្គ្រាមដែលអាចរីករាលដាល។ ប្រធានាធិបតីរបស់អ៊ុយក្រែន បាននិយាយថា សន្ដិភាព ជាអាទិភាពខ្ពស់បំផុតរបស់អ៊ុយក្រែន នៅពេលនេះ ប៉ុន្ដែភាសានេះ ហ៊ុន សែន បាននិយាយជាប់រហូតមក គឺសន្ដិភាព ជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ថា ផលពិបាកនៃសង្គ្រាមដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវដោះស្រាយក្នុងរយៈពេលយូរ ព្រោះកម្រិតនៃការបំផ្លិចបំផ្លាញមានទំហំធំ ហើយត្រូវប្រើប្រាស់នូវការបំផ្លាញចោលគ្រាប់បែក គ្រាប់មីនមិនទាន់ផ្ទុះ។ ជាក់ស្ដែងដូចនៅកម្ពុជា មកទល់ពេលនេះមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។

ពាក់ព័ន្ធ «សន្ដិភាព» ដែលជាការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ មិនមែនជារឿងថ្មីនោះទេ ពោលសម្រាប់កម្ពុជា សម្ដេចគឺបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ «សន្ដិភាព» ហើយសម្ដេចក៏ធ្លាប់បានបញ្ជាក់ដែរថា សន្ដិភាព ដែលរកមកបានដោយលំបាកនេះ មិនអាចឲ្យអ្នកណាមកបំផ្លាញបានឡើយ។ រាល់សកម្មភាពដែលប៉ងចង់បំផ្លាញសន្ដិភាព ត្រូវតែកម្ទេច ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា «សន្ដិភាព» ដែលកម្ពុជាកំពុងមាននៅពេលនេះ មិនមែនបានមកដោយចៃដន្យនោះទេ ហើយក៏មិនមែនធ្លាក់ពីលើមេឃនោះដែរ គឺបានមកពីការខិតខំរបស់ប្រជាជនកម្ពុជាដោយខ្លួនឯង នៅដំណាក់កាលចុងក្រោយ បន្ទាប់ពីអុនតាក់ បានចាកចេញពីកម្ពុជា សង្គ្រាមបានបន្សល់ទុករវាងខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល។ ដូច្នេះនេះជាចំណុចដែលធ្វើឲ្យយើងខិតខំស្វះស្វែងរកសន្ដិភាពដោយខ្លួនឯង ហើយឈានដល់ការបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ នៅឆ្នាំ១៩៩៨។

ដោយសារតែសន្ដិភាពនេះហើយ បានធ្វើឲ្យកម្ពុជាប្រែមុខប្រែមាត់ មានការអភិវឌ្ឍលើគ្រប់វិស័យមិនថា ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង ដែលកាន់តែរីកដុះដាលពីមួយថ្ងៃទៅមួយ ដូច្នេះប្រជាពលរដ្ឋកម្ពុជា ត្រូវតែរួមគ្នាថែរក្សានូវសន្ដិភាព ដែលរកបានដោយលំបាកនេះឲ្យខាងតែបាន មិនអាចមកជនមួយក្ដាប់តូចណាមកបំផ្លាញបានឡើយ ដូចអ្វីដែលសម្ដេចតេជោធ្លាប់មានប្រសាសន៍៕