សម្តេចតេជោ ហ៊ុន សែន៖ មិត្តរុស្ស៉ី នឹងយល់ពីមូលហេតុដែលយើងបោះឆ្នោត ប្រឆាំងការឈ្លានពានលើប្រទេសអ៊ុយក្រែន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «មិត្តរុស្ស៉ី» នឹងយល់អំពីមូលហេតុដែលកម្ពុជា បោះឆ្នោតប្រឆាំងចំពោះការឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលមិនអាចនៅជាអព្យាក្រឹត្យបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មី អំពីគោលជំហររបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជុំវិញសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលសម្តេចបញ្ជាក់ថា សម្តេចនៅតែឈរជាមួយអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពាន។

សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «មិត្តរុស្ស៉ីរបស់យើង នឹងយល់អំពីយើងថា អ្វីហេតុអីបានជាកម្ពុជាប្រឆាំង កម្ពុជាធ្លាប់ត្រូវគេឈ្លានពាន ដូច្នេះកម្ពុជាត្រូវតែថ្កោលទោស ការឈ្លានពានគេ»

កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបា នចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន និងបានស្ថិតក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

៣សប្តាហ៍ក្រោយមក សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកថា ករណីនេះជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។

សម្តេចបានពន្យល់ថា កន្លងទៅចំពោះរឿងខ្លះកម្ពុជាត្រូវតែអព្យាក្រឹត្យដែរ ព្រោះវាជាជម្លោះធម្មតា ដែលក្នុងនោះមានបញ្ហារវាងឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កាស្មៀ បញ្ហាព្រំដែនឥណ្ឌា-ចិន បញ្ហាអ៉ីស្រាអែល-ប៉ាឡេស៊ីស្ទីនជាដើម។ ប៉ុន្តែចំពោះករណីរុស្ស៉ី-អ៊ុយក្រែន ជាករណីឈ្លានពាន។

សម្តេចបានបន្តថា «យើងជាប្រទេសដែលធ្លាប់គេបំពានលើឯករាជ្យ អធិបតេយ្យភាព យើងជាប្រទេសដែលធ្លាប់គេឈ្លានពាន យើងក៏នឹកដល់ប្រទេសដែលត្រូវគេឈ្លានពាន ប៉ុន្តែខ្ញុំនៅតែនិយាយដដែល យើងមិនអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាណាមួយ ទៅធ្វើទាហានស្ម័គ្រចិននៅប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួន គឺអត់ទេ»

សម្តេចថា យើងនៅឆ្ងាយតែយើងបានបង្ហាញសាមានចិត្តរបស់យើងជាមួយប្រជាជនអ៊ុយក្រែន។ សម្តេចសង្ឃឹមថា គោលជំហររបស់យើង នឹងទទួលយកបានដោយពលរដ្ឋកម្ពុជា៕