ក្រសួងការពារជាតិ ជូនដំណឹងពីការរៀបចំកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីការពារជាតិអាស៊ាន និងឧត្តមមន្ដ្រីការពារជាតិអាស៊ានបូក លើកទី២


(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចប្រជុំក្រុមការងារ ឧត្តមមន្ត្រីការពារជាតិអាស៊ាន (ADSOM WC) និងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus WG) ជាលើកទី២ ពីថ្ងៃ២៨ ដល់២៩ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំទាំងពីរនេះ នឹងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា ដោយមានការចូលរួមពី ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិ នៃរដ្ឋជាសមាជិកអាស៊ាន ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិនៃបណ្តាប្រទេសបូក និងអគ្គលេខាធិការដ្ឋានអាស៊ាន។

កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន នឹងធ្វើការពិនិត្យបញ្ចប់លើឯកសារទស្សនាទាន ចំនួនបីរបស់កម្ពុជា និងលក្ខខណ្ឌប្រតិបត្តិមជ្ឈមណ្ឌលឧត្តមភាពព័ត៌មាន និងសន្តិសុខអ៊ីនធឺណិត នៃក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានឯកភាពជាបណ្តោះអាសន្នកាលពីកិច្ចប្រជុំនាខែកុម្ភៈ កន្លងមក។

កិច្ចប្រជុំក៏នឹងលើកយកមកពិភាក្សាផងដែរ នូវការងារដែលចាំបាច់មួយចំនួន ដូចជា ទី១៖ ឯកសារពិភាក្សាស្តីពីការបង្កើតទំនាក់ទំនងរវាងគំនិតផ្តួចផ្តើមអនុវត្តច្បាប់ដែនសមុទ្រអាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅក្នុងវិស័យសន្តិសុខលម្អសមុទ្រ និងទី២៖ ឯកសារពិភាក្សាស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្រ្តយោធា ដើម្បីលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព។

កិច្ចប្រជុំនឹងបន្តពិចារណាលើឯកសារសំខាន់ៗ ចំនួនបី រួមមាន ទី១៖សេចក្តីព្រាងសេចក្តីប្រកាសរួមនៃចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តាឡើងវិញក្រោយកូវីដ-១៩, ទី២៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងទី៣៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកទន្ទឹមនេះ។

កិច្ចប្រជុំក៏នឹងពិភាក្សាលើការប្រុងប្រៀបសម្រាប់រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន,ADSOM) និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) ដែលគ្រោងប្រព្រឹត្តទៅពាក់កណ្ដាលខែឧសភា ដើម្បីឆ្ពោះទៅរកកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន លើកទី១៦ នាខែមិថុនាខាងមុខ៕