មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ កម្ពុជាបាននឹងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដើម្បីកាត់បន្ថយអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សនៅលើពិភពលោក


(បាត់ដំបង)៖ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

ការឱ្យដឹងបែបនេះ របស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅស្រុកសំទ្បូត ខេត្តបាត់ដំបង។

តាងនាមឯកឧត្តមរដ្ឋមន្ត្រី វង សូត ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានបន្តថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

មន្ត្រីជាន់រូបនេះ បានបន្តថា ដោយឡែក ក្រសួងស.អ.យ ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា បន្ទាប់ពីក្រសួងសង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់អនុវត្ត ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍ ក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព និងជាពិសេស ធានាបាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ ដោយជោគជ័យជាស្ថាពរ ទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេស សេវាសុខភាព សេវាអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» ត្រូវបានរៀបចំឡើងមានចំនួន២វគ្គ នៅក្នុងស្រុកសំពៅលូន និងស្រុកសំទ្បូត ខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់អ្នកផ្តល់សេវាថ្នាក់មូលដ្ឋាន ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឱ្យទាន់ពេលវេលានៅក្នុងភូមិ ខ្លួនរបស់ខ្លួន។

គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាឯកសារគន្លឹះសម្រាប់ចង្អុលបង្ហាញដល់អ្នកផ្តល់សេវាយកទៅអនុវត្តន៍ ហើយខ្ញុំនឹងសង្ឃឹម និងជឿជាក់ថា លោក លោកស្រី ដែលបានចូលរួមនៅថ្ងៃនេះនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្តពិភាក្សា និងយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញពីអ្នកសម្របសម្រួល ព្រមទាំងចូលរួមឲ្យបានពេញលេញក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីពង្រឹងនូវកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជនរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ញ៉ឹក វណ្ណារ់ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គម្រោងអាស៊ានអូស្រ្តាលី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអង្គការបណ្តាញប្រតិបត្តិការជួយសង្រ្គោះ អង្គការមេត្រីអន្តរជាតិ អង្គការដៃកម្ពុជា អង្គការស្រ្តីជាមាស ដែលបានឧបត្ថម្ភគាំទ្របច្ចេកទេស និងថវិកា ព្រមទាំងកិច្ចសហការយ៉ាងល្អជាមួយក្រសួង ស.អ.យ ក្នុងដំណើរការរៀបចំសិក្ខាសាលានាថ្ងៃនេះទ្បើង។ និងសូមថ្លែងអំណរគុណផងដែរដល់ក្រុមការងាររបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្ម នៃក្រសួងស.អ.យ ដែលបំពេញការងារយ៉ាងសកម្ម និងកិច្ចសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះទៅបានរលូន៕