ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមួកសុវត្ថិភាពការងារដែលជាជំនួយរបស់ក្រុមហ៊ុនMeng Leng Eav Co., LTD


នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមួកសុវត្ថិភាពការងារ អាវធ្វើការនៅតាមការដ្ឋាន ម៉ាស៊ីន និងសម្ភារគ្រឿងចក្រមួយចំនួន ដែលជាជំនួយរបស់ក្រុមហ៊ុនMeng Leng Eav Co., LTD ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងបុគ្គលិកនិយោជិករបស់ក្រុមហ៊ុនមួយចំនួនផងដែរ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ការពាក់ពួកសុវត្ថិភាពការងារក្នុងការដ្ឋាន មិនត្រឹមតែជួយការពារសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយបង្កើនផលិតភាពការងារ កាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ និងក្នុងសង្គមបានផងដែរ ។ លើសពីនេះទៀត ដោយយល់ឃើញពីសារសំខាន់នៃសុវត្ថិភាពការងារ និងសុខភាពរបស់បុគ្គលិកនិយោជិក ដែលបំពេញការងារក្នុងការដ្ឋាន ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនជួយផ្ដល់ឧបករណ៍បិទត្រចៀក និងវ៉ែនតាសម្រាប់ពេលបំពេញការងារក្នុងការដ្ឋាន ដើម្បីធានាសុវត្ថិភាពភ្នែក និងត្រចៀកជូនបុគ្គលិកនិយោជិកផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងពីជំហានបន្ទាប់ក្នុងការជំរុញចលនាមួកសុវត្ថិភាពស្តង់ដាសម្រាប់អ្នកបើកម៉ូតូចំនួនប្រាំម៉ឺន និងស្បតផ្សព្វផ្សាយទាក់ទងនឹងការបើកបរក្រោមឥទ្ធិលគ្រឿងស្រវឹង ការបើកបរហួសល្បឿនកំណត់ និងការនិយាយទូរស័ព្ទពេលកំពុងបើកបរ ដើម្បីបំផុសប្រជាពលរដ្ឋឱ្យយល់ដឹងពីសារប្រយោជន៍នៃការពាក់មួកសុវត្ថិភាព និងបុព្វហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរដល់ក្រុមហ៊ុន Meng Leng Eav Co., LTD ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកស្ទួយសុវត្ថិភាពការងារ សុខភាព និងផលិតភាពការងាររបស់បុគ្គលិកកម្មករនិយោជិក រួមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រផងដែរ។
នៅពេលចុងបញ្ចប់នៃកម្មវិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានចែកមួកសុវត្ថិភាពជានិមិត្តិរូប និងថតរូបអនុស្សាវរីយ៍ជាមួយជាមួយអង្គពិធីទាំងមូល។