មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចំនួន៦៥០នាក់ បានទទួលជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ ដើម្បីលើកកម្ពស់សមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល


គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកទល់ពេលនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលចាំបាច់ ជូនមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សរុបចំនួន ៦៥០នាក់។

សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាល ត្រូវបានឆ្លងកាត់ការប្រឡងសមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយជាលទ្ធផលសិក្ខាកាមភាគច្រើន ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជំនាញឌីជីថលចាំបាច់ផងដែរ។

វគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីរាជការ ទាំងវ័យក្មេង និងវ័យចំណាស់ ក្នុងការប្រើប្រាស់ព័ត៌មានវិទ្យាបម្រើដល់ការអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងស័ក្តិសិទ្ធិភាព។

ជាពិសេស នេះគឺជាការចូលរួមចំណែកអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងជាការអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែឲ្យតម្លៃលើសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។

វគ្គជំនាញឌីជីថលចាំបាច់ខាងលើនេះ គឺជាវគ្គជំនាញកម្រិតទី១ ក្នុងចំណោមវគ្គជំនាញទាំង ៧កម្រិត ដែលរៀបចំដោយបណ្ឌិត្យសភា បច្ចេកវិទ្យាកម្ពុជា ហើយកម្មវិធីសិក្សាក្នុងវគ្គកម្រិតទី១ នេះ គឺរៀបចំឡើងតម្រូវដល់សិក្ខាកាមជាមន្ត្រីរាជការនិងបុគ្គលិក ក្រសួងស្ថាប័ននានារបស់រដ្ឋ អាចទទួលបានការយល់ដឹងពីការប្រើប្រាស់ និងការថែទាំកុំព្យូទ័រ ការប្រើប្រាស់មុខងារសំខាន់ៗ នៅលើអ៊ីនធឺណិត ការកំណត់អត្តសញ្ញាណ ស្វែងរក វាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធិភាព ព្រមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន។

វគ្គនេះក៏ផ្តល់នូវជំនាញបង្កើតនិងរៀបចំឯកសារ តារាងបញ្ជី និង បច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និង មានប្រសិទ្ធិភាពខ្ពស់ ដោយប្រើប្រាស់កម្មវិធី ក្នុងកុំព្យូទ័រ ទូរសព្ទឆ្លាតវៃ និងបច្ចេកវិទ្យាពពក ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថលផងដែរ៕