សមិទ្ធផលគាំពារសុខុមាលភាព ត្រូវបានសម្ពោធជាបន្តបន្ទាប់ បង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការសង្គ្រោះពលរដ្ឋពីមច្ចុរាជនៃរោគា


សមិទ្ធផលដែលរួមចំណែកគាំពារ និងបម្រើប្រយោជន៍ផ្នែកសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅខែមីនា ឆ្នាំ២០២២នេះ។

សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលនឹងឆ្លើយតបកាន់តែប្រសើរលើសេវាព្យាបាលជំងឺជាមួយគ្រឿងបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបៗនេះរួមមាន៖ ១) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃជិត ៥០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃ០៧ ខែមីនា, ២) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ តម្លៃប្រមាណ ៨៥លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែមីនា និង៣) អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃប្រមាណ ៨លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៨ ខែមីនា។

សមិទ្ធផលទាំងនេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាព្យាបាលជំងឺប្រជាពលរដ្ឋបានកាន់តែប្រសើរ កាត់បន្ថយហានិភ័យ និងការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។ មន្ទីរពេទ្យទាំងនេះ ផ្តល់ក្តីសង្ឃឹមកាន់តែច្រើនសម្រាប់អ្នកជំងឺ។

តាមរយៈសមិទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះជំហានធ្វើឱ្យកាន់តែប្រសើរឡើងលើសេវាសង្គ្រោះជីវិតពលរដ្ឋពីរោគា។

បើទោះបីត្រូវរងការរិះគន់មួយចំនួនលើការផ្តល់សេវាសុខាភិបាល តាំងពីចាប់ផ្តើមរំដោះប្រទេសចេញពីសង្គ្រាមឆ្នាំ១៩៧៩ ក្នុងស្ថានភាពដ៏លំបាកអត់ទាំងគ្រូពេទ្យ និងបរិក្ខារព្យាបាលនោះ តែរាជរដ្ឋាភិបាលកម្ពុជា មិនដែលបោះបង់ការប្រឹងប្រែងរបស់ខ្លួន ក្នុងការស្រោចស្រង់ជីវិតពលរដ្ឋពីរោគាទាំងឡាយនោះឡើយ។ មកដល់ដំណាក់កាលដែលកម្ពុជាមានមន្ទីរពេទ្យ និងបរិក្ខារកាន់ទំនើប គឺបានបង្ហាញឱ្យឃើញនូវស្មារតីដ៏មុតមាំរបស់មេដឹកនាំកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋ និងសង្គ្រោះពលរដ្ឋពីមច្ចុរាជនៃរោគា។

គ្រូពេទ្យកាន់តែពូកែ មន្ទីរពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រកាន់តែទំនើប ជាក្តីរំពឹងកាន់តែធំសម្រាប់អ្នកជំងឺ។ ទោះបីដឹងថា ជីវិតកើតហើយគង់តែស្លាប់ តែអ្នកជំងឺទាំងឡាយតែងប្រាថ្នាចង់បានការសង្គ្រោះមួយដ៏ប្រសើរ។

មន្ទីរពេទ្យទាំង៣នេះ ត្រូវបានផ្តល់ថវិកាសាងសង់ដោយគ្មានសំណងពីសំណាក់រដ្ឋាភិបាល និងប្រជាជនប្រទេសជាមិត្តរបស់កម្ពុជា។ ក្នុងនោះមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ថវិកាដោយរដ្ឋាភិបាល និងប្រជាជនចិន ហើយអគារព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង។

តាមរយៈជំនួយសាងសង់អគារព្យាបាលជំងឺទាំងនេះ ក៏បានបង្ហាញនូវភាពប៉ិនប្រសប់លើនយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន និងគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជន បើទោះបីប្រទេសជាមិត្តមានបន្ទាត់នយោបាយផ្សេងគ្នា៕