មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កម្ពុជាគ្រប់គ្រងស្ថានភាពកូវីដ១៩បាន ដោយសារភាពឈ្លាសវៃ និងប៉ិនប្រសប់យ៉ាងខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន


លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាគ្រប់គ្រងបាន រហូតឈានទៅបើកនៅវិស័យសំខាន់ៗ មានវិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យសង្គមជាដើម។

ការថ្លែងលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២១និងលើកទិសដៅឆ្នាំ២០២២ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា «២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ យើងអាក់ខានការធ្វើសន្និបាតដោយសារជំងឺកូវីដ១៩ ដែលជាបញ្ហាសុខភាពសកល ធ្វើឱ្យយើងមិនអាចជួបជុំគ្នាបាន។ ដោយភាពឈ្លាសវៃ និងគិតបណ្ឌិត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យស្ថានភាពជំងឺកូវីដ១៩ គ្រប់គ្រងបាន រហូតយើងឈានដល់ការបើកប្រទេសឡើងវិញ ធ្វើឱ្យយើងមានឱកាសរៀបចំនូវអង្គសន្និបាត ដើម្បីពិនិត្យទៅ លើសមិទ្ធិផលដែលយើងបានអនុវត្តរយៈពេលមួយឆ្នាំពេញ ក្នុងឆ្នាំ២០២១ និងធ្វើការពិនិត្យលើភាពប្រឈមដែលយើងបានជួបប្រទះនៅក្នុងឆ្នាំ២០២១»

លោកថ្លែងលើកឡើងទៀតថា «ភាពប្រឈមយ៉ាងសំខាន់ នៅក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២០ និង២០២១នេះ គឺបញ្ហាជំងឺកូវីដ-១៩ ប៉ុន្តែយើងត្រូវពិនិត្យផ្សេងថា តើមានបញ្ហាអ្វីក្រៅពីកូវីដ-១៩ ដែលប៉ះពាល់ដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ ថ្ងៃនេះយើងមានឱកាសល្អ សម្រាប់ក្រុមការងារសុខាភិបាលជាមួយនឹងដៃគូរអភិវឌ្ឍន៍ ក៏ដូចជាអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ពិភាក្សានៅលើប្រធានបទមួយចំនួន និងសូមឱ្យអស់លោក លោកស្រីទាំងអស់ចូលរួមពិភក្សាឱ្យបានផុលផុស ដើម្បីរកឱ្យឃើញចំណុចប្រឈមហើយនិងរកដំណោះស្រាយ»

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអស់លោក លោកស្រី ជាកងទ័ពអាវសរដែលបានប្រយុទ្ធយ៉ាងសកម្មជាមួយនឹងជំងឺកូវីដ-១៩ អស់រយៈពេល២ឆ្នាំ។ លោកថា ២ឆ្នាំនេះ ពួកគាត់បានលះបង់ ទាំងកម្លាំងកាយកម្លាំងចិត្ត ហើយជាសក្ខីភាពមួយក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត គឺមិនអាចបំភ្លេចនូវអ្វីដែលពួកគាត់បានធ្វើកន្លងទៅទេ។ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាត អ្នកណាក៏បារម្ភខ្លាចឆ្លង អ្នកណាក៏បារម្ភការឈឺកូវីដ-១៩ តែសម្រាប់ពួកគាត់ (កងទ័ពអាវសរ) ព្យាយាមអត់ដកថយទេ។

លោកក៏ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព និងអង្កការដៃគូរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕