ប្រធានអ្នកសម្របសម្រួលសម្ព័ន្ធ UN ប្រចាំកម្ពុជា កោតសសើរចំពោះកិច្ចការគាំពារសង្គមរបស់កម្ពុជា


លោកស្រី ផូលលីន ថាមេស៊ីស (Pauline Tamesis) ប្រធានអ្នកសម្របសម្រួលសម្ព័ន្ធអង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានសម្ដែងការកោតសសើរចំពោះការងារគាំពារសង្គមដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងអនុវត្ត។

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសលោកស្រី ចូលជួបសម្តែងការគួរសម និងជម្រាបលាបញ្ចប់បេសកកម្មនៅកម្ពុជាជាមួយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២។

ជាការឆ្លើយតប ឯកឧត្តម វង សូត បានថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការដៃគូផ្សេងៗ ដែលបានរួមចំណែកក្នុងការងារនានារបស់រាជរដ្ឋាភិបាល ក៏ក្រសួងសង្គមកិច្ច។ លោក វង សូត បញ្ជាក់ថា សម្រាប់កម្ពុជាគឺទទួលស្វាគមន៍ជានិច្ច ចំពោះកិច្ចសហការជាច្រើនបន្ថែមទៀត ពីអង្គការសហប្រជាជាតិ។

លោកស្រី ផូលលីន ថាមេស៊ីស បានលើកឡើងថា កិច្ចការងាររបស់ក្រសួងសង្គមកិច្ច គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការងារស្នូលរបស់ UN។ លោកស្រីថា ជាក់ស្ដែងកិច្ចការងារជាច្រើនកន្លងមក របស់ក្រសួងសង្គមកិច្ច មានភាពប្រទាក់ក្រឡា ជាមួយចក្ខុវិស័យ របស់អង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើការផ្ដល់ការគាំទ្រ ដល់ប្រជាពលរដ្ឋ ជួបការលំបាក។ លោកស្រីបន្តថា ការចូលរួមរបស់ អង្គការសហប្រជាជាតិ គឺកាន់តែជិតស្និទ្ធជាងមុន ក្នុងរយៈពេលពីរឆ្នាំនៃវិបត្តិកូវីដមកនេះ។

លោកស្រីក៏បានអបអរសាទរចំពោះកិច្ចការដែលក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសង្គមកិច្ច ក្រសួងផែនការ និងក្រសួងផែនការ ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមជួយដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ។ លើសពីនេះលោកស្រីបញ្ជាក់ថា អង្គសហប្រជាជាតិ គឺនឹងនៅបន្តជួយគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច ជាពិសេសពាក់ព័ន្ធនឹងការងារជួយដល់ជនងាយរងគ្រោះ៕