លោកជំទាវ ឱ វណ្ណឌីន៖ ការថែទាំសុខភាពបឋមនៅតាមមូលដ្ឋាន ជាម៉ាស៉ីនដ៏មានឥទ្ធិពលសម្រាប់ការកែលម្អសុខភាព


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញមកពន្យល់ និងបញ្ជាក់អំពីអត្ថប្រយោជន៍ ក្នុងការថែទាំសុខភាពបឋម នៅតាមមូលដ្ឋានានាក្នុងប្រទេសកម្ពុជា សម្ដៅកែលម្អស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ក្រៅពីជំងឺកូវីដ១៩។

ក្នុងនាមជាមន្ដ្រីជំនាញផ្នែកសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការរៀបរាប់ដូចខាងក្រោម៖

«យោងតាមមេរៀន និងបទពិសោធន៍របស់យើងកន្លងមកនៅក្នុងសេវាសុខភាព ខ្ញុំសូមឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មានដោយសូមជម្រាបជូនលោកអ្នកថា ការជំរុញការងារថែទាំសុខភាពបឋម (PHC booster) នៅតាមមូលដ្ឋាននានា គឺជាម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់បំលែងការថែទាំសុខភាពឆ្ពោះទៅរកសុខភាពសម្រាប់ទាំងអស់គ្នា។ វានឹងត្រូវបានគេមើលឃើញថា ជាដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការគ្របដណ្តប់សុខាពជាសកល (UHC)។

វាបង្ហាញពីការយកចិត្តទុកដាក់ដោយគិតគូរពីមនុស្សជាមជ្ឈមណ្ឌលកណ្តាល ក្នុងការថែទាំសុខភាព ជាពិសេសការជួយបុគ្គល គ្រួសារ និងសហគមន៍របស់យើងឲ្យទទួលខុសត្រូវចំពោះសុខភាពរបស់ពួកគេ ជាជាងការរង់ចាំ ឬភ្លេចខ្លួនរហូតដល់វាយឺតពេល។ គោលដៅរបស់មនុស្សគ្រប់រូប គឺដើម្បីរស់នៅឲ្យកាន់តែមានសុខភាពល្អ និងអាយុកាលរស់នៅបានយូរអង្វែងជាងបច្ចុប្បន្ននេះ ប៉ុន្តែតើធ្វើដូចម្តេចដើម្បីទៅដល់ទីនោះ គឺវាត្រូវការការវិនិយោគបន្ថែមទៀតទៅលើសុខភាព ដើម្បីអនាគតកាន់តែប្រសើរ និងភ្លឺស្វាងរបស់កម្ពុជា។

ដូចដែលយើងរៀនពីការអន្តរាគមន៍ លេីការរាតត្បាតជំងឺកូវីដ-១៩ (COVID-19) ការអនុវត្តរបស់បុគ្គល គ្រួសារ និងសហគមន៍ក្នុងវិធានការបង្ការជំងឺ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការឆ្លើយតបនឹងជំងឺ COVID-19 ប្រកបដោយជោគជ័យ មិនត្រឹមតែជំងឺ COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជំងឺផ្សេងៗដែលទាក់ទងនឹងសុខភាពផងដែរ។

ការផ្លាស់ប្តូរពីការយកចិត្តទុកដាក់របស់យើងរងចាំលើការព្យាបាល ដោយដាក់ការយកចិត្តទុកដាក់បន្ថែមទៀតលើការការពារជំងឺឆ្លង និងជំងឺមិនឆ្លង នឹងដោះស្រាយបញ្ហាសុខភាពសាធារណៈរបស់យើង ជាពិសេសសម្រាប់ជំងឺរាតត្បាតនាពេលបន្ទាប់ ក៏ដូចជាការកើនឡើងនៃចំនួនអ្នកជំងឺទឹកនោមផ្អែម លើសឈាម មហារីក ជំងឺគាំងបេះដូង និងជំងឺជាច្រេីនទៀតដែរ។

ការជំរុញការថែទាំសុខភាពបឋម (PHC booster) គឺជាដំណើរដ៏វែងឆ្ងាយ នៃអន្តរាគមន៍ផ្នែកសុខភាពសាធារណៈសម្រាប់ការកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ខ្ញុំសូមអំពាវនាវដល់សាធារណជន ថ្នាក់ដឹកនាំ និងអ្នកអនុវត្តទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសសហគមន៍របស់យើង ឲ្យចូលរួមកាន់តែច្រើន និងសកម្មនៅក្នុងកម្មវិធីជំរុញការថែទាំសុខភាពបឋម (PHC booster) នេះ ដើម្បីផលប្រយោជន៍សុខភាពផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងកំពុងធ្វើការរួមគ្នាដើម្បីឈានទៅរកការច្នៃប្រឌិតនេះ ដោយផ្តោតលើកម្មវិធីជំរុញការថែទាំសុខភាពបឋម (PHC booster)។ អរគុណ ច្រើននូវការយកចិត្តទុកដាក់»៕