យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រជុំបូកសរុបការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម


យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឯកឧត្តម សុខ សូកាន និងឯកឧត្តម វ៉ា ថន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា ជាច្រើនរូបផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តម ប៉េង ពោធិ៍នា បានប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមជំនួយការផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានសមាសភាពចំនួន ១៧១រូប។

ទន្ទឹមនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ពីលទ្ធផលការងារដែលទទួលបានក្នុងឆ្នាំ២០២១ ដោយក្រុមការងារតាមផ្នែកនិមួយៗ បានអនុវត្តយ៉ាងសកម្មនូវតួនាទីភារកិច្ចរបស់ខ្លួន។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងលើកទឹកចិត្តដល់ក្រុមការងារតាមផ្នែកនីមួយៗ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយអំពីសមិទ្ធផលនានា របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ អោយទទួលបានព័ត៌មានពិតពីកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងគុណតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជូនដល់សាធារណៈជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងប្រទេស និងក្រៅប្រទេស បានយល់ជ្រាបច្បាស់ ដើម្បីចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសជាតិ ឱ្យកាន់តែមានកិត្តិយសលើឆាកអន្តរជាតិ៕