សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបំផ្លាញសន្តិភាពកម្ពុជា មិនត្រូវអត់ឱនឱ្យឡើយ ហើយកុំញញើតនឹងបំផ្លាញពួកគេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកដែលបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា មិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើតជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ជាសមិទ្ធផលថ្មីមួយ នៅក្នុងក្រុងសៀមរាប ដែលត្រូវបានសាងសង់ក្នុងប្រទេសកំពុងមានសន្តិភាព ដែលចំខួប៥២ឆ្នាំថ្ងៃសម្តេចចូលព្រៃធ្វើយុទ្ធជន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទោះបីជាចេញពីបក្សណាក៏ដោយគឺត្រូវការពារសន្តិភាព អ្នកដែលបំផ្លាញសន្តិភាព មិនត្រូវទទួលបាននូវការអត់ឱនណាមួយនោះទេ ព្រោះពេលសន្តិភាពត្រូវបានបំផ្លាញហើយ មនុស្សច្រើនណាស់ត្រូវស្លាប់ ដូច្នេះយើងកុំញញើតជាមួយនឹងការបំផ្លាញចោលក្រុមបំផ្លាញសន្តិភាព ដើម្បីការពារជីវិតប្រជាជនរាប់លាននាក់ យើងក៏ត្រូវតែហ៊ានប្តូរផ្តាច់ ជាមួយនឹងការបំផ្លាញសន្តិភាព»

កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្ស ចាប់តាំងពីរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់។ ក្រោយរបបលន់ នល់ ដួលរំលំនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្ពុជាបានធ្លាក់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្លាប់មនុស្សជិត៣លាននាក់ ហើយពលរដ្ឋដែលសេសសល់រស់នៅយ៉ាងវេទនា។ បន្តមកទៀត ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សង្គ្រាមមិនបានបញ្ចប់នោះទេ ដោយនៅបន្តមានកម្ពុជា មួយមានតំបន់ត្រួតត្រា៤ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបន្សល់នូវកម្ពុជាមួយមានតំបន់ត្រួតត្រា២ រហូតដល់ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាបានស្គាល់អ្វីដែលហៅថា «សន្តិភាពពេញលេញ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា នៅពេលមានសន្តិភាព ត្រូវតែការពារសន្តិភាព កុំចាំដល់ពេលចាប់ផ្តើមមានសង្គ្រាម ទើបស្រែករកសន្តិភាព ដូចជាករណីអ៊ុយក្រែនជាដើម។ សម្តេចបានបន្តថា ចំពោះប្រទេសអ៊ុយក្រែននេះ កន្លងទៅតើមានប្រធានាធិបតី និងពលរដ្ឋអ៊ុយក្រែនប៉ុន្មាននាក់ ស្រែកឱ្យការពារសន្តិភាព ប៉ុន្តែពេលនេះពួកគេគ្រប់គ្នាសុទ្ធតែស្វះស្វែង និងស្រែករកសន្តិភាព។

«ការគំរាមកំហែងដោយសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងតំបន់អឺរ៉ុប កំពុងកើតឡើងនូវការព្រួយបារម្ភអំពីសន្តិភាព និងស្ថិរភាព ជាមួយនឹងជនភៀសខ្លួនរាប់លាននាក់»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។ សម្តេចបន្ថែមថា កាលពីសម័យកម្ពុជាមានសង្គ្រាម ក៏ពលរដ្ឋកម្ពុជា មានជនភៀសខ្លួនរាប់លាននាក់ដែរ ដោយបានភៀសខ្លួនទៅតាមព្រំដែនថៃ វៀតណាម ឡាវ ហើយក្រៅពីនោះ នៅមានប្រជាពលរដ្ឋក្នុងប្រទេសភៀសសឹក ចេញពីតំបន់ដែលមានការប្រយុទ្ធ។

សម្តេចបានបញ្ជាក់ទៀត៖ «ឥឡូវប្រទេសជាតិយើងមានសន្តិភាពហើយ ត្រូវបន្តការពារឱ្យជាប់ បើគ្មានសន្តិភាពទេ គឺមិនអាចនិយាយដល់ ការអភិវឌ្ឍ ហើយក៏មិនអាចនឹងនិយាយដល់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះដែរ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេច នៅពេលនេះ មិនមែនជាការព្រមានចំពោះនរណាទេនោះទេ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ តថ្នាក់ដឹកនាំ សម្តេចអរព្រះគុណដល់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ និងហ្លួងម៉ែ ដែល ព្រះអង្គ និងពលរដ្ឋទាំងឡាយតែងគាំទ្រសម្តេចក្នុងការដឹកនាំប្រទេសចេញពីសង្គ្រាមមកកាន់សន្តិភាព ហើយតាមរយៈសន្តិភាពនេះ បានផ្តល់លទ្ធភាព កសាងផ្លូវ និងបង្កើតអ្វីៗតាមដំណាក់កាលមួយៗបន្តបន្ទាប់៕