(ភ្នំពេញ)៖ ក្រោយពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនក្មេងស្ទាវពីរនាក់ ដែលស្ថិតនៅក្នុងករណីក្រុមក្មេងស្ទាវជិត១០នាក់ ជិះរថយន្តដេញវាយបុរសម្នាក់ បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ដូចជាដីកាបង្គាប់ឲ្យចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ភ្លាមៗនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញមកអះអាងថា «ការមិនមាន ព័ត៌មានអំពីចំណាត់ការរបស់ស្ថាប័នតុលាការលើរឿងណាមួយ គឺមិនមានន័យថាតុលាការមិនមានចំណាត់ការក្នុងរឿងនោះទេ»។
ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «តុលាការត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឯករាជ្យ និងទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ជាធរមាន។ ហេតុដូចនេះ សូមសាធារណៈជនមេត្តាយោគយល់ ព្រោះចំណាត់ការមួយចំនួនមិនអាចផ្សព្វផ្សាយជាសាធារណៈបាននោះទេ!»។
សូមជំរាបថា ករណីដែលទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋរួមមាន ករណីខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ និងករណីមួយទៀត ក្រុមក្មេងស្ទាវជិត១០នាក់ ជិះរថយន្តដេញវាយបុរសម្នាក់បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ករណីទាំងនេះត្រូវបានតុលាការចេញដីការួចហើយ ដើម្បីបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់។