មន្រ្តីជាន់ខ្ពស់ការបរទេស៖ កម្ពុជាត្រៀមជានិច្ចសម្រាប់ការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី


(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ប្រទេសកម្ពុជាត្រៀមខ្លួនជានិច្ចសម្រាប់ការធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។

ការលើកឡើងបែបនេះរបស់ឯកឧត្តម សុខ សូកេន បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Kairat SARYBAY ប្រធានប្រតិបត្តិនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។

តាងនាមឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ សូកេន បានវាយតម្លៃខ្ពស់ចំពោះ CICA ដែលជាវេទិកាពហុភាគីដ៏មានប្រសិទ្ធភាពមួយដែលជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ី និងសកលលោកផងដែរ។

ឯកឧត្តម សុខ សូកេន ក៏បានអបអរសាទរដល់ប្រទេសកាហ្សាក់ស្ថាន ដែលបានបន្តអាណត្តិរបស់ខ្លួនជាប្រធាន CICA សម្រាប់ឆ្នាំ ២០២២-២០២៤ និងការប្រារព្វខួប៣០ឆ្នាំរបស់ CICA។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្ញើនូវរឿងព្រេង រួមជាមួយនឹងរូបភាព និងសំណេរពីតំបន់អេកូទេសចរណ៍សំខាន់ៗ របស់កម្ពុជា ទៅកាន់លេខាធិការដ្ឋាន CICA ដើម្បីបោះពុម្ពនិងផ្សាយពីពិពិធភាពនៃវប្បធម៌ដ៏សម្បូរបែបរបស់តំបន់អាស៊ី សម្រាប់អបអរសាទរពេលវេលា ដ៏ឧត្តុង្គឧត្តមនេះ។

ក្នុងនាមជាឧត្តមមន្ត្រីកម្ពុជា សម្រាប់យន្តការ CICA ឯកឧត្តមបានគូសបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការ CICA ជាមួយបណ្ដាប្រទេសសមាជិកដទៃទៀត ដើម្បីធានានូវសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអាស៊ី។ ជាការឆ្លើយតប ឯកឧត្តម Kairat SARYBAY បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ CICA ជាពិសេសចាប់តាំងពីកម្ពុជាក្លាយជាសមាជិក CICA ក្នុងឆ្នាំ២០១១ មក។

ប្រធានប្រតិបត្តិរូបនេះ ក៏បានអបអរសាទរកម្ពុជា ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២២ និងបានសន្យាថានឹងខិតខំសហការជាមួយកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងរួម ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមរួមនៅតំបន់អាស៊ី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រគល់ជូននូវលិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថានជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងនូ-ស៊ុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។

ឯកឧត្តម Kairat SARYBAY និងគណៈប្រតិភូ CICA ក៏មានជំនួបដោយឡែកជាមួយឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងជាឥស្សរជនឆ្នើមរបស់កម្ពុជាសម្រាប់ CICA និងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នស្រាវជ្រាវតំណាងកម្ពុជាសម្រាប់វេទិកាស្ថាប័នស្រាវជ្រាវ CICA (CICA Think Tank Forum) ផងដែរ។

សូមគូសបញ្ជាក់ថា សន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩២ ក្រោមគំនិតផ្ដួចផ្ដើមរបស់អតីតប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan NAZARBAYEV និងមានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខ សន្តិភាព និងស្ថេរភាពនៅអាស៊ី តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការទប់ស្កាត់ការរីកសាយភាយនៃអាវុធប្រហារប្រល័យ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌។

សន្និសីទនេះ មានប្រទេសសមាជិកពេញសិទ្ធិចំនួន ២៧ប្រទេស និងមានប្រទេសអង្កេតការណ៍ចំនួន០៩ និងមានអង្គការអង្កេតការណ៍ចំនួន៥។ កម្ពុជាបានចូលជាសមាជិកនៃ CICA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១៕