តំណាងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានភូមិភាគ៣ ខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


(កំពង់ស្ពឺ)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការតំណាងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាធិបតី ក្នុងពិធីសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឋិតក្នុងបរិយាកាសដ៏មហោឡារិកអធិកអធម និងក្តីមោទកៈភាពយ៉ាងជ្រាលជ្រៅនាពេលនេះ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៅទូទាំងយោធភូមិភាគ បានសម្តែងនូវក្តីកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់ចាត់តាំងប្រតិភូអញ្ជើញមកដល់អង្គភាពយោធភូមិភាគទី៣។

ក្នុងគោលបំណងសាកសួរសុខទុក្ខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦នាពេលខាងមុខនេះ កាយវិការដ៏សប្បុរសធម៌នេះ បង្ហាញឲ្យឃើញច្បាស់អំពីស្មារតីយកចិត្តទុកដាក់គិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងសូមធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានឆ្លៀតឱកាសដ៏មមាញឹកដឹកនាំប្រតិភូរបស់ក្រសួង ចុះមកដល់អង្គភាពទ័ពនៅពេលនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ថេង ច័ន្ទសង្វារ បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ដោយក្ដីនឹករលឹក។ ឯកឧត្តមក៏បានកោតសរសើរ និងស្ញប់ស្ញែងចំពោះសមិទ្ធផលរបស់បញ្ជាការដ្ឋានយោធភូមិភាគ៣ ដែលសម្រេចបាននាពេលកន្លងមក។

បន្ថែមពីនេះ ឯកឧត្តម ថេង ច័ន្ទសង្វារ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅពេលដល់វេលាត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើននូវកងការពារពីជំងឺ កូវីដ១៩។ បើទោះបីចាក់វ៉ាក់សាំងហើយក្ដី ក៏មិនត្រូវប្រហែសនោះដែរ ពោលត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានសុខាភិបាល និងវិធាន «៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺកូវីដ១៩៕