ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងងកំព្រា និងប្រជាពលរដ្ឋខ្វះខាតចំនួន២៥៧ គ្រួសារ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលកញ្ចប់អាហារគ្រឿងឧបភោគបរិភោគពី ឯកឧត្តមវេជ្ជ. សុះ មុះសិន


ថ្ងៃពុធ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគ សម្រាប់ (ខែបួសរ៉ាម៉ាឌន) ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត មកពីភូមិកណ្តាលចំនួន១០៧គ្រួសារ និងភូមិកោះរកា ចំនួន១៥០គ្រួសារ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អនុរដ្ឋលេខាធិការ លោកស្រីអភិបាលរងស្រុក តំណាងលោអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល សមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងអាជ្ញាធរដែន ។

ឯកឧត្តមវេជ្ជ. បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ អនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ ក៏ដូចជាក្នុងប្រទេស និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

ឯកឧត្តមវេជ្ជ.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះ ស្រាយឡើយ ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត ។ ពិតណាស់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជនដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ។ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធផលមួយទៀត គឺការបញ្ចប់សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចគឺជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម នៃយើងទាំងអស់គ្នា ដែលបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ជាការពិតមិនអាចប្រកែកបាន អ្វីដែលគណបក្សបាននិងកំពុងធ្វើ គឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន២ គឺ៖ សន្ដិភាព និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាត្រូវតែធានាការពារឱ្យបានជាដាច់ខាត ។

ឯកឧត្តមវេជ្ជ. បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា សុខសន្ដិភាព ដែលមានសព្វថ្ងៃឲ្យបានគង់វង្សយូរអង្វែង និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូន យល់ថានៅជិតបងប្អូន និងជួយដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗ ដែលបងប្អូនបានជួបប្រទះ ។

សូមបញ្ជក់ថាអំណោយកញ្ចប់អាហារ ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ និងចាស់ជរា ចំនួន២៥៧ គ្រួសារ រួមមាន៖ អង្ករ ៣.៨៥៥ គីឡូក្រាម មី ២៥៧០ កញ្ចប់ អំបិល ២៥៧ គីឡូ ប្រេងឆា មីឡូ២៥៧ ដប ទឹកដោះគោ ៥១៤កំប៉ុង ស្ករស ៥១៤ គីឡូក្រាម ដែលជាជំនួយរបស់អង្គការមុស្លិមហេលហ្វេន នៃប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ៕