សម្ពោធផ្លូវបេតុងអាមេ នៅឃុំត្រើយស្លា ស្រុកស្អាង អភិបាលខេត្តកណ្ដាល ថ្លែងពីគុណដ៏ធំធេងនៃសន្តិភាព ដែលរកបានដោយសម្ដេចតេជោ ហ៊ុន សែន


(កណ្តាល)៖ បេតុងអាមេប្រវែង១០០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិព្រែកប៉ាន និងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងស្រុកស្អាង សម្រាប់បម្រើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលពីមុនផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។

ឯកឧត្តម បន្តថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខេត្តកណ្តាល ជាពិសេសរដ្ឋបាលស្រុកស្អាង ក្រោមការដឹកនាំពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់រាជរដ្ឋាភិបាល ជាពិសេសការខិតខំយកចិត្តទុកដាក់ពីសុខមាលភាព របស់ប្រជាពលរដ្ឋ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍នានានៅក្នុងខេត្តកណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ពីកលល្បិចដ៏ខ្មៅងងឹត របស់ក្រុមបំពុលសង្គម កើតចេញពីអតីតបក្សប្រឆាំង ដែលចិញ្ចឹមចិត្តចង់បំផ្លាញសន្តិភាពកម្ពុជាយើង តាមរយ:ការលាបពណ៌ បំផ្លើសការពិត បំផ្លៃព័ត៌មាន លាបពណ៌សមកខ្មៅជាដើម ក្នុងចេតនាទុច្ចរិតដ៏ឃោរឃៅ ក្នុងទិសដៅផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់កើតចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ។

ឯកឧត្តមថ្លែងថា «ពួកនេះមានបំណងអាក្រក់មកលើពករដ្ឋខ្មែរយើង ញុះញង់ឲ្យប្រព្រឹត្តិល្មើសនឹងច្បាប់ ក្នុងបំណងលាបពណ៌ខ្មៅមកចំពោញមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ។ តែតាមពិតមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពខ្ពស់ ពេញដោយសក្ដានុពលដ៏ខ្លាំងក្លាក្ន្ងការរក្សាសុខសន្តិភាពប្រទេសជាតិឲ្យសុខសាន្ត ឲ្យមានការរីកចម្រើនឡើង ឲ្យស្គាល់តែការអភិវឌ្ឍ បានសុខក្សេមក្សាន្ត និងពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង»