រដ្ឋមន្ត្រីសុខាភិបាល បើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២


(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ព្រមទាំងចែករថយន្តគិលានសង្គ្រោះចំនួន៦គ្រឿង ដល់ស្រុកប្រតិបត្តិទាំងបួន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តសៀមរាប មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជ័យវរ្ម័នទី៧។

សន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រៀបចំនៅសាលប្រជុំនៃមន្ទីរពេទ្យគន្ធបុប្ផា (មន្ទីរពេទ្យជ័យវរ្ម័នទី៧) ខេត្តសៀមរាប ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។

ក្នុងអង្គសន្និបាទនោះ ឯកឧត្តមរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា មន្ត្រីរាជការ បុគ្គលិកសុខាភិបាល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពុះពារគ្រប់ឧបសគ្គ និងការលំបាកនានាក្នុងការផ្តល់សេវាសុខភាព ពិនិត្យ ថែទាំ និងព្យាបាលជំងឺជូនប្រជាជន ជាពិសេសលះបង់កម្លាំងកាយចិត្តប្រយុទ្ធទប់ទល់នឹងការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងនេះ ពិសេសការចូលរួមសហការគាំទ្ររបស់ដៃគូរអភិវឌ្ឍន៍នានា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យសុខាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា ដូចជាការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យប្រសើរឡើង ការថយចុះជាបន្តបន្ទាប់នូវអត្រាស្លាប់របស់មាតា ទារក និងកុមារ និងអត្រាឈឺ អត្រាស្លាប់ដោយជំងឺឆ្លងផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថា ទន្ទឹមនឹងវឌ្ឍនភាពវិស័យសុខាភិបាលសម្រេចបាន ក៏អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ការរស់នៅសុខដុមរម្យនារបស់ប្រជាពលរដ្ឋ ការដោះស្រាយប្រឈមនៃការរាតត្បាតជំងឺកូវីដ-១៩ និងការបង្កើនចំណាយលើប្រព័ន្ធគាំពារសុខភាពសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមជាគោលដៅដទៃទៀត ពិសេសបានដាក់ចេញនូវយុទ្ធសាស្ត្រ យន្តការ និងវិធានការចាំបាច់នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការចម្លងរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ និងបើកដំណើការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញជាជំហានៗតាមកន្លងប្រក្រតីថ្មី។

ក្នុងពិធីនេះផងដែរក៏មានចែករថយន្តគិលានសង្គ្រោះចំនួន៦គ្រឿង គឺ៤គ្រឿងចែកជូនដល់ស្រុកប្រតិបត្តិទាំងបួន (រថយន្តវ៉ាក់សាំង១គ្រឿង ផ្ដល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តសៀមរាប) ១គ្រឿងចែកជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ១គ្រឿងចែកជូនទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧៕