សន្និបាតបង្ហាញលទ្ធផលរយៈពេល ១០ឆ្នាំ របស់កម្ពុជា ដែលបានបញ្ជូនកម្លាំងកងទ័ពមួកខៀវបម្រើ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានរៀបចំការបិទចុងក្រោយរបស់ខ្លួននៅថ្ងៃទី១ ខែមីនានេះ នៅវិមានសន្តិភាពដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សម្តេចមានបំណងបង្កើនការបញ្ជូនកម្លាំងកងទ័ពមួកខៀវកម្ពុជាជាច្រើនទៀត ដើម្បីបំពេញបេសកកម្មនៅក្រៅប្រទេស ។ ថ្ងៃទី១ ខែមីនា កាលពី ១០ឆ្នាំមុន គឺបានសម្រេចក្នុងនយោបាយបញ្ជូនកម្លាំងកងទ័ពកម្ពុជាចេញបម្រើ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ តបតាមការអំពាវនាវរបស់ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នាជំនាន់នោះ ។ សម្តេចនឹងពិចារណាការបញ្ជូនកម្លាំងចេញច្រើនបន្ថែមទៀត ដើម្បីបំរើអង្គការសហប្រជាជាតិ ។
ក្នុងរយៈពេល ១០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងចំនួន ៣ពាន់ ៥៥៧នាក់ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៨ រួមមានស៊ូដង់… ស៊ូដង់ខាងត្បូង… ឆាដ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ើប ស៊ីរី និងប្រទេសម៉ាលី ដោយផ្តោតលើជំនាញបោសសំអាតមីន… តម្រួតយោធា… ពេទ្យកម្រិត២… ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ… វិស្វកម្មសំណង់បញ្ឈរ និងសំណង់ផ្តេក ព្រមទាំងជំនាញសេនាធិការ និងការសង្កេតការណ៍យោធាផងដែរ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ កម្លាំងកងទ័ពមួកខៀវកម្ពុជា បានបាត់បង់ជីវិតចំនួន ៤នាក់ និងច្រើននាក់ទៀតបានរងរបួសផងដែរ ក្នុងបេសកកម្មរកសន្តិភាពក្រៅប្រទេសនេះ ។ ដោយឡែកក្នុងឆ្នាំ ២០១៦នេះ កម្លាំងកងទ័ពមួកខៀវកម្ពុជាដែលកំពុងបំពេញបេសកម្មក្រៅប្រទេសមានចំនួន ៨៨៨នាក់ ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។