ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សរុបប្រមាណ ១៥,០០នាក់ នៅក្នុងពិធីបុណ្យដារលានប្រពៃណីកសិករខ្មែរ ស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំយុវជន សសយក រួមទាំងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនរូបទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងនាឱកាសនោះថា ចំពោះពិធីបុណ្យដារលានប្រពៃណីកសិករនេះ តាមតំណាលបានឲ្យដឹងថា បុណ្យដារលាន គឺជាពិធីបែបប្រពៃណីដែលប្រជាពលរដ្ឋបានហៅខុសៗគ្នាទៅតាមតំបន់នីមួយៗ ដូចជាបុណ្យ បោសលាន បុណ្យសាមគ្គី បុណ្យកណ្តាលភូមិ និងបុណ្យដារបាតលានជាដើម។ បើទោះជាហៅបុណ្យនេះ ខុសៗគ្នាយ៉ាងណាក្តី តែគោលបំណងសំខាន់បំផុត នៃបុណ្យដារលាននេះ គឺដើម្បីអនុញ្ញាតឱ្យប្រជាកសិករបានជួបជុំគ្នា ពង្រឹងចំណងសាមគ្គីភាព និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងការចូលរួមសប្បាយរីករាយបន្ទាប់ពីធ្វើការហត់នឿយក្នុងការបង្កបង្កើន និងប្រមូលផលកសិកម្មនាឆ្នាំកន្លងមក។

ការរៀបចំពិធីបុណ្យនាពេលនេះ ក៏ជាឱកាសនៃការជួបជុំ និងរួបរួមរបស់ប្រជាជន ក្នុងនាមជាមហាគ្រួសារខ្មែរ និងក្រោមដំបូលជាតិខ្មែរតែមួយ ដើម្បីត្រៀមអបអរសាទរ ការឈានចូលមកដល់នូវពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលដ៏ខ្លីខាងមុខ។ លោកបានកោតសរសើរនូវសមិទ្ធផលនានាជាច្រើន ដែលខេត្តសម្រេចបាន ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរបន្តអនុវត្តការងារ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជាបន្តទៀត។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមយុវជន សសយក ទាំងអស់ ដែលបានអញ្ជើញ មកចូលរួមនៅក្នុងថ្ងៃនេះ ហើយលោកក៏ផ្ដាំផ្ញើដល់យុវជនយុវនារីទាំងអស់ នាឱកាសចូលឆ្នាំថ្មីខាងមុខនេះ បង្កើតកម្មវិធីរាំលេងកំសាន្តនូវបទ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹសជាដើម ដើម្បីរក្សានូវប្រពៃណីជាតិយើងឲ្យបានគង់វង្ស។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានសម្ដែងនូវការអបអរសាទរយ៉ាងក្រៃលែង និងស្វាគមន៍ដោយក្ដីរំភើបរីក រាយចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យដាលានប្រពៃណីកសិករខ្មែរខាងលើនេះ។ ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានជម្រាបជូនដល់លោកគណៈអធិបតីអំពីសមិទ្ធផលនានា ដែលខេត្តកំពង់ឆ្នាំងសម្រេចបាន មានដូចជា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្ត ការដោះស្រាយទំនាស់ដីធ្លីនិងវិវាទផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសគឺការបង្ក្រាបបទល្មើសនេសាទថ្មីៗកន្លងទៅនេះ។

ឯកឧត្តម សួន សេរីរដ្ឋា បានថ្លែងនាឱកាសនោះដែរថា ប្រទេសមានសន្តិភាព ពិសេសគឺប្រទេសកម្ពុជាដែលមានសន្តិភាពសព្វថ្ងៃគឺ ទទួលបានក្រោមការដឹកនាំ និងលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ សន្តិភាពនៃកម្ពុជា ជាម្លប់ដ៏ត្រជាក់ដែលបានផ្ដល់ឲ្យប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ទៀតថា បើពេលនេះកម្ពុជាគ្មានសន្តិភាពហើយប្រទេសជាតិកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាមនៅឡើយនោះ គឺយើងមិនអាចធ្វើការអភិវឌ្ឍអ្វីបាននោះទេ ហើយលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក៏មិនមានដែរ៕