ឯកឧត្តម ស្តើង សុខុម៖ ភាពខ្លាំងរបស់រាជរដ្ឋាភិបាល ធ្វើឱ្យពលរដ្ឋអាចជួបជុំរីករាយ ខណៈពិភពលោកកំពុងរងវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន


ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា ព្រោះតែភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងអាចគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចបានល្អ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចជួបជុំក្រុមគ្រួសារ និងលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

ក្នុងពិធីសំណេះសំណាល និងពិសារអាហាសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ស្តើង សុខុម ដែលមានតួនាទីជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារផងដែរនោះ បានលើកឡើងថា ជាឱកាសដ៏ប្រសើរមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលអាចប្រារព្ធពិធីជួបជុំ លេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ ខណៈពិភពលោកកំពុងប្រឈមវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

ឯកឧត្តម ស្តើង សុខុម បានលើកឡើងថា ឱកាសដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងទទួលបាននេះ មិនមែនការប្រទានពីព្រះនោះទេ តែបានកើតចេញពីកិច្ចប្រឹងប្រែង ការគិតគូរ ការដាក់ចេញវិធានការ និងចំណាត់ការយ៉ាងល្អិតល្អន់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសេនាធិការពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ទើបប្រទេសកម្ពុជាទាំងមូលទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម ស្តើង សុខុម ក៏បានលើកបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់កាសែតជប៉ុន ពីការងើបឡើងវិញយ៉ាងរហ័សនៃសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ១៩។ ការសិក្សានោះ បានបង្ហាញថា កម្ពុជា ជាប្រទេសចំណាត់ថ្នាក់លេខ២នៅលើពិភពលោក ដែលបានគ្រប់គ្រង និងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញបានឆាប់រហ័ស។

សម្រាប់ឯកឧត្តម ស្តើង សុខុម ការដែលកម្ពុជាអាចយកឈ្នះលើជំងឺកូវីដ១៩ និងការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរនេះ គឺជាភាពខ្លាំងពូកែមួយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

«កន្លងមកយើងគ្រប់គ្រងមេរោគកូវីដ១៩នេះ បានល្អប្រសើរ មកដល់ពេលនេះយើងបានធូរស្រាលច្រើន។ ទន្ទឹមនឹងកូវីដ១៩ បានថមថយ ការគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចសង្គម គឺជាការងារអាទិភាពសំខាន់មួយទៀតរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចសង្គមបានល្អប្រសើរ មានន័យថា ធ្វើឱ្យជីវភាពពលរដ្ឋយើងបានល្អប្រសើរ»។ នេះជាការបញ្ជាក់របស់លោក ស្តើង សុខុម។

ក្រៅតែពីការបង្ហាញនូវការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ និងសេដ្ឋកិច្ចសង្គមបានល្អប្រសើរហើយនោះ ឯកឧត្តម ស្តើង សុខុម ក៏បានបង្ហាញនូវការកត់សម្គាល់លើរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំពោះកំណើនដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋពេលរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ក៏ដូចជាគម្រោងដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះផងដែរ។

សម្រាប់ ឯកឧត្តម ស្តើង សុខុម កំណើនដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនេះ ក៏ដោយសារតែកត្តាសុខសន្តិភាពរបស់ប្រទេសជាតិ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងតភ្ជាប់គ្នាខ្វែងខ្វាត់រវាងរាជធានី និងខេត្ត, ប្រជាពលរដ្ឋមានមធ្យោបាយ និងលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្ត។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមាររូបនេះ បានលើកបង្ហាញថា ចំណុចដែលលោកបានលើកឡើងខាងលើទាំងអស់នេះ មិនអាចកើតមាននោះឡើយប្រសិន បើគ្មានការដឹកនាំមួយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងឥស្សរជនដទៃមកពីគណបក្សប្រជាជនកម្ពុជាទេនោះ។

មកដល់បច្ចុប្បន្ននៅមានប្រទេសជាច្រើនបន្តរំខាន និងបង្កជាវិបត្តិយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចសង្គមដោយសារតែការបន្តរាតត្បាតនៃជំងឺកូវីដ១៩។ កម្ពុជា បានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះលើពិភពលោក ដែលបានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ និងបើកសកម្មភាពសេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយឡើងវិញ។

គ្រូបង្រៀនចូលនិវត្តន៍ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង លោក គង់ សុផល បានបង្ហាញនូវការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការដឹកនាំ និងគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្រាប់រូបលោកការយកឈ្នះជំងឺកូវីដ១៩ ការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ បូករួមទាំងការអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំផង មិនអាចកើតមាននោះឡើយ ប្រសិនបើរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ១៩មិនបានល្អទេនោះ។

លោក គង់ សុផល បានគូសបញ្ជាក់ដូច្នេះ «តាមការមើលជាក់ស្តែងរបស់ខ្ញុំ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលឃើញថា ល្អប្រសើរប្រពៃណាស់។ ចង់និយាយថា ទូទាំងពិភពលោក គឺមានតែប្រទេសកម្ពុជាទេ ដែលទប់ស្កាត់ទាន់ពេលវេលាជាស្មារតីបញ្ញាញាណរបស់សម្តេច មិនអាចកាត់ថ្លៃបានទេ»