សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ជំនួបសម្តែងការគួរសម និងពិភាក្សារការងារនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង ៥៤០គីឡូម៉ែត្រ។ កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។

ក្នុងនាមជាប្រទេសជិតខាងកម្ពុជា-ឡាវ តែងជួយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក្នុងក្របខណ្ឌទ្វេភាគី ដូចជាការអប់រំ ការធ្វើពាណិជ្ជកម្មវិនិយោគ និងបង្ក្រាបការជួញដូរគ្រឿងញៀនតាមព្រំដែនជាដើម។ ក្រៅពីក្របខណ្ឌទ្វេភាគីហើយនោះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងឆាកតំបន់ និងអន្តរជាតិផងដែរ។

ក្នុងបេសកកម្មការងារនៅកម្ពុជា លោក បួកែវ ភុំវង់សាយ មានបេសកកម្មយ៉ាងពិសេសក្នុងការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងឡាវ កាន់តែល្អប្រសើរថែមទៀត៕