ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់អំពីអត្ថន័យ៣ចំណុច ដែលនាំឲ្យលោកចូលរួមពិសារអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកខ្មែរឥស្លាម


ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈហ្វេសប៊ុក សម្តេចក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់សាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌនទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយ។

បើតាមឯកឧត្តម ហ៊ុន ម៉ាណែត, ទោះបីយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យមានការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ ដោយអនុវត្តទៅតាមសារាចរណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានារបស់ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់អំពី អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាព នៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះគឺ៖

*ទី១៖ ជាភស្តុតាង នៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម

*ទី២៖ ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឲ្យទាន

*ទី៣៖ ការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។

ឯកឧត្តមក៏បានកោតសរសើរ និងសូមអរគុណថ្នាក់ដឹកនាំ និងសហការី ព្រមទាំងយុវជនសាសនិកឥស្លាម ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ។ មួយវិញទៀត កម្មវិធីនេះក៏បានចូលរួមចំណែកផងដែរក្នុងការជំរុញលើកកម្ពស់ ការប្រតិបត្តិនូវការប្រៀនប្រដៅតាមគន្លងសាសនា និងស្មារតីប្រកបដោយការតាំងចិត្តអំណត់អត់ធន់ រួមជាមួយនឹងធម៌សប្បុរសយោគយល់ និងយកអាសារគ្នាទៅវិញទៅមក។

ឯកឧត្តមអះអាងថា «សន្តិភាព» បានផ្តល់ឲ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗ ខ្លួនដោយភាពសប្បាយរីករាយ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ «គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម» ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕