កម្ពុជានឹងពង្រឹងកិច្ចសហការជាមួយសមាជិកអាស៊ាន ឲ្យកាន់តែស្អិតរមួត ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក លើការស្តារសេដ្ឋកិច្ច


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ក្នុងឋានៈជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានប្តេជ្ញាចិត្តនឹងកិច្ចសហការរវាងសមាជិកអាស៊ាន ឲ្យកាន់តែស្អិតរមួត ដើម្បីរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក ដូចជា ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

ជាមួយគ្នានេះ កម្ពុជានឹងធ្វើឲ្យស៊ីជម្រៅនូវ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងជាមួយដៃគូ, ការពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់, ការជំរុញ ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ ប្រកបដោយចីរភាព, ការធានាឲ្យបាននូវស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងការកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ ២០២២ ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសានេះ។

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើជាសហប្រធាន និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ព្រមទំាងក្រុមប្រឹក្សាធុរកិច្ច។

កិច្ចប្រជុំបានពិនិត្យ និងផ្លាស់ប្តូរយោបល់លើស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើហានិភ័យ, បញ្ហាប្រឈម, កាលានុវត្តភាព និងជម្រើសវិធានការគោលនយោបាយនានាដើម្បីឆ្លើយតបលើវឌ្ឍនភាព និងទិសដៅបន្ត នៃកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុអាស៊ាន, សំដៅធានាឲ្យបាននូវការធ្វើសមាហរណកម្មហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ និងបន្តកសាងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់។

ដើម្បីគាំទ្រដល់មូលបទរួមរបស់កម្ពុជា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់អាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ដុអាស៊ាន រួមមាន៖ (១). ការស្តារឡើងវិញ (Recovery), (២). ការកសាងភាពធន់ (Resiliency), និង (៣). ការរួបរួមគ្នា (Togetherness)។

នៅក្នុងកិច្ចពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ ពីការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក ក្នុងកំណើន៤.៤ ភាគរយ (ព្យាករណ៍ដោយ IMF) និងសេដ្ឋកិច្ចអាស៊ាន ក្នុងកំណើនប្រមាណ ៥.១ ភាគរយ (ព្យាករណ៍ដោយ AMRO) ក្នុងឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានកត់សម្គាល់ពីហានិភ័យមួយចំនួន ដែលកំពុងជះឥទ្ធិពលអវិជ្ជមាន មកលើសម្ទុះនៃការស្តារសេដ្ឋកិច្ចតំបន់ ដូចជា ការបន្តរីករាលដាលនៃវីរុសថ្មីៗនៃជំងឺកូវីដ-១៩, ការបន្ទច់បង្អាក់នៃខ្សែច្រវាក់ផ្គត់ផ្គង់, បញ្ហាសង្រ្គាមនៅតំបន់អឺរ៉ុបខាងកើត, ការកើនឡើងខ្ពស់នៃអតិផរណា និងការប្រែប្រួលអាកាសធាតុ ជាដើម។

ក្នុងបរិបទនេះ, ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ សំដៅជំរុញការស្តារសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ, (២). ការជំរុញការចាប់យកកាលានុវត្តភាពពីឌីជីថលូបនីយកម្ម និង (៣). ការកៀគរហិរញ្ញប្បទាន ក្នុងស្រុកសម្រាប់ការស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញ ការវិនិយោគពីវិស័យឯកជនដើម្បីពន្លឿនការអភិវឌ្ឍបៃតង -ល-។

បន្ថែមពីនេះ, អង្គប្រជុំក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ផងដែរ ដូចជា៖ (១). ការអនុម័តយន្តការផ្តល់ហិរញ្ញប្បទានបៃតង អាស៊ាន (ASEAN Catalytic Green Finance Facility-ACGF) ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានអចិន្រ្តៃយ៍ បន្ទាប់ពីដំណើរការសាកល្បងអស់រយៈពេលបីឆ្នាំ, (២). ការដាក់ចេញនូវឯកសារ ASEAN Taxonomy-Version 1 ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់, (៣). ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ឆ្លងដែន, (៤). ការបន្តបញ្ចប់បន្ថែមលើការចរចារ និងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា (DTA), (៥). ការអនុវត្តកម្មវិធីធានារ៉ាប់រង លើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី ២ និង (៦). ការសម្រេចបាននូវការអនុវត្តប្រព័ន្ធទូទាត់ QR កូដឆ្លងដែនទ្វេភាគី រវាងសមាជិក អាស៊ានមួយចំនួន។

ផ្អែកលើចក្ខុវិស័យរបស់អាស៊ាន ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចកាបូនទាប (Low-carbon Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការបន្ថែម លើការជំរុញរបៀបវារៈ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) សម្រាប់ឆ្នាំ២០២២ នេះ ដោយផ្តោតលើការងារអាទិភាពមួយចំនួន រួមមាន៖ (១)៖ ការបន្តរៀបចំ ASEAN Taxonomy ដើម្បីជាឯកសារគោលក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ាន ឆ្ពោះទៅរកការអនុវត្តហិរញ្ញវត្ថុ ប្រកបដោយចីរភាព, (២)៖ ការបង្កើតស្តង់ដារសញ្ញាបណ្ណភ្ជាប់និរន្តរភាព (Sustainability- linked Bond Standard) ដើម្បីជួយប្រទេសមានការអភិវឌ្ឍតិចតួច ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងចីរភាព ដែលនេះ គឺជាសមិទ្ធផលអាទិភាពមួយ សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរនិង (៣)៖ ការជំរុញការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការគាំទ្រ និងអនុវត្ត ហិរញ្ញវត្ថុប្រកប ដោយចីរភាព (Sustainable Finance) ក្នុងតំបន់អាស៊ាន។

ក្នុងអំឡុងពេលនៃ កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី ៨ នេះ, អង្គប្រជុំក៏បានជួបពិភាក្សា ជាមួយវិស័យឯកជន រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហគមន៍អឺរ៉ុប-អាស៊ាន ផងដែរ ។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទមួយចំនួន រួមមាន៖ (១).ការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុ និងវិនិយោគក្នុងតំបន់, (២). ផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយមកលើសេដ្ឋកិច្ចតំបន់, (៣). ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព និង (៤). ការអនុវត្តឌីជីថលក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងវិស័យហិរញ្ញវត្ថុ។

តាមរយៈកិច្ចពិភាក្សានេះ, វិស័យឯកជនបានស្នើសុំសមាជិកអាស៊ាន ផ្តោតកិច្ចសហប្រតិបត្តិការ លើការបន្តកែលម្អបរិយាកាសវិនិយោគ ឲ្យកាន់តែមានភាពងាយស្រួយបន្ថែមទៀត សម្រាប់វិស័យឯកជន ក្នុងការចូលរួមផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើអន្តរកាលថាមពល (Energy Transition), ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់ ពិសេស លើការទូទាត់ឆ្លងដែន និងពន្លឿនប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ានឱ្យកាន់តែខ្លាំងក្លាជាងមុន។

ជារួម, រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ាន ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ខ្លួនក្នុងឆ្នាំកន្លងទៅ និងបានលើកទឹកចិត្ត ដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធ ឲ្យបន្តខិតខំបន្ថែមទៀត សំដៅសម្រេចបាននូវផែនការសកម្មភាព របស់ខ្លួន និងគោលដៅយុទ្ធសាស្រ្ត សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ ដើម្បីគាំទ្រដល់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខាងមុខ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សហប្រធានអង្គប្រជុំបានសំដែងនូវ អំណរគុណចំពោះបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ាន, អគ្គលេខាធិការអាស៊ាន, ប្រធាន និងតំណាងជាន់ខ្ពស់នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ច ដែលបានផ្តល់ ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ ២០២២ នេះ និងបានចូលរួមមតិយោបល់យ៉ាងផុសផុល ក្នុងកិច្ចពិភាក្សាដែលនាំ ឲ្យកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៦, កិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី ៨ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាដូចបានគ្រោងទុក៕