សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនស្ថិតលើប្រទេសមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ តែស្ថិតលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្តីកង្វល់ពីបញ្ហាការទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនស្ថិតនៅលើប្រទេសដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ ខណៈប្រទេសដែលមានវិស័យសុខាភិបាលខ្ពស់ ប៉ុន្តែបែរជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ រាប់ម៉ឺននាក់ និងមានអ្នកឆ្លងរាប់លាននាក់។

ការថ្លែងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

ស្តែងឡើងតាមរយៈការបើកឱ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ បូករួមទាំងថ្ងៃអាទិត្យ១ថ្ងៃ មានពលរដ្ឋដើរលេងកម្សាន្ត ៥,១៧លាននាក់ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះប្រជាពលរដ្ឋអាចយល់បានហើយ ហេតុអ្វីបានជាសម្តេចបានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបើចាក់ពាសវាលពាសកាល មិនអាចបង្កើតភាពសាំំសហគមន៍បាននោះឡើយ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តទទួលយកដូសជំរុញ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល។ សម្តេចតេជោថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះប្រជាពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក៏ប៉ុន្តែ ប្រទេសរបស់យើងធ្វើបានប៉ុណ្ណេះគ្រប់គ្រងបានប៉ុណ្ណេះ (ការគ្រប់គ្រងជំងឺកូវីដ១៩) ដែលមុននេះគេកង្វល់ចំពោះយើងថា យើងគឺជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ បញ្ហានៅទីនេះបានបង្ហាញច្បាស់ មិនមែនបញ្ហាស្ថិតនៅត្រង់ទន់ខ្សោយ ឬរឹងមាំទេ ស្ថិតនៅត្រង់វិធានការ និងការចូលរួមរបស់ប្រជាជន ខ្វះអីប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់មានមនុស្សស្លាប់រាប់ម៉ឺននាក់ និងមានករណីឆ្លងរាប់លាននាក់ រីឯកម្ពុជាមានករណីឆ្លងតែជាង ១៣ម៉ឺននាក់»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា បានក្លាយទៅជាប្រទេសទី១០ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលមានចំនួនប្រជាជនឆ្លងជំងឺកូវីដ១៩ តិចជាងគេ សូម្បីតែប្រទេសប្រ៊ុយណេ ដែលមានប្រជាជនតែ ៤៤ម៉ឺននាក់ ប៉ុន្តែ មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងរហូត១៤ម៉ឺននាក់ ស្របពេលដែលប្រទេសកម្ពុជា មានប្រជាជន១៧លាននាក់ ខណៈប្រទេសឡាវ បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០ម៉ឺននាក់ នៅចំណោមប្រជាជន ៧លាននាក់។

ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ បន្តឆ្លងរីករាលដាលបន្ថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធត្រូវតាមដានឱ្យជាប់ជាប្រចាំពីស្ថានភាពវិវត្តន៍ថ្មីនៃជំងឺកូវីដ១៩ ក្នុងករណីចាំបាច់គឺត្រូវតែមានវិធានការជាក់លាក់មួយភ្លាមៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យទាន់សភាពការ ក្នុងកិច្ចការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

គួរជម្រាបថា ស្តែងតាមរយៈការដាក់ចេញនូវវិធានការនានារបស់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នោះ បើគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,០៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨០១នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕