ក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងពង្រឹងសមត្ថភាពមន្រ្តី


(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Andre Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការបន្តកិច្ចសហការ រវាងក្រសួងសុខាភិបាល ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

កិច្ចពិភាក្សានេះផ្ដោតសំខាន់ដំបូងគេ គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយក្រៅពីនោះគឺកិច្ចសហប្រតិបត្តិការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ជាពិសេសលើផ្នែកមន្ទីរពិសោធន៍ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រក្រសួងសុខាភិបាលជាបន្តទៀត។

លោកជំទាវ យក់ សម្បត្តិ បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការគាំទ្រ ជាពិសេសទៅលើផ្នែកបច្ចេកទេសបណ្ដុះបណ្ដាលធនធានមនុស្សមន្ទីរពិសោធន៍ និងការស្រាវជ្រាវ ដល់មន្ត្រីសុខាភិបាល កន្លងមក ហើយលោកជំទាវ អះអាងថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប៉ាស្ទ័របន្តទៀត។

លោកជំទាវបានបន្ថែមថា វិទ្យាស្ថានប៉ាស្ទ័របាន បន្តជួយក្រសួងសុខាភិបាលកម្ពុជា ទៅលើការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល លើផ្នែកមន្ទីរពិសោធន៍ និងផ្នែកសិក្សាស្រាវជ្រាវពីជំងឺឆ្លងផ្សេងៗ និងការសិក្សាស្រាវជ្រាវផ្សេងៗ។ ចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើង វិទ្យាស្ថានប៉ាស្ទ័រជួយទាំងការពិនិត្យសំណាក់រកមេរោគកូវីដ១៩។ ទន្ទឹមនឹងនេះដែរ ក៏បានជួយដល់មន្ទីរពេទ្យពិសោធន៍កម្ពុជា ទូទាំងប្រទេស ជាពិសេសវិទ្យាស្ថានស្រាវជ្រាវសាធារណៈ៕