រថយន្តក្រុង ៩៨គ្រឿង និងរថយន្តដឹកជញ្ជូនរថយន្តខូច ០២គ្រឿង ត្រូវបានប្រគល់ និងទទួលជាផ្លូវការ


រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញទទួលបានរថយន្តក្រុង ៩៨គ្រឿង និងរថយន្តដឹករថយន្ត ០២គ្រឿងជាផ្លូវការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់-ទទួលនារសៀលនេះ ធ្វើឡើងរវាងឯកឧត្តម តាន់ ឈីងសឹង្ហ ភារធារីអមស្ថានទូតចិន និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមបរិយាកាសស្និតស្នាល។
គួរបញ្ជាក់ថា រថយន្តបន្ថែម ១០០គ្រឿងនេះ នឹងដាក់ឱ្យដំណើរការលើខ្សែរត់ថ្មីចំនួន ៥ខ្សែបន្ថែម សំដៅធ្វើឱ្យការបម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនកាន់តែប្រសើរ ទាន់ពេលវេលា និងកាន់តែច្រើនគោលដៅ។ ការរួមចំណែកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់បងប្អូន គឺជាចូលរួមចំណែកក្នុងការកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញយើង៕