សភាកម្ពុជា-ឥណ្ឌា បេ្តជ្ញារួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភា សេដ្ឋកិច្ច សង្គម វប្បធម៌ប្រទេសទំាងពីរឱ្យកាន់តែស៉ីជម្រៅ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និង លោក អំ បឺរឡា ( Om Birla) ប្រធានរដ្ឋសភាឥណ្ឌា បានប្តេជ្ញារួមគ្នា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៉ីជម្រៅ និងគ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ។

ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា បានប្តេជ្ញាផងដែរ ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទំាងពីរឱ្យបានគ្រប់ជ្រុងជ្រោយឡើង។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក អំ បឺរឡា នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ក្នុងជំនួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា, ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឥណ្ឌា បានសម្តែងក្តីសប្បាយរីករាយជាទីបំផុតចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ជាប្រវត្តិសាស្រ្តនៅក្នុងរយៈពេល៧០ឆ្នាំមកនេះ។ ប្រជាជនកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀងគ្នា។

សម្តេច ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែងចំពោះវត្តមាន លោក អំ បឺរឡា និងគណៈប្រតិភូនៅកម្ពុជា។ សម្តេចលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ សម្តេចបានបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងបានបើកស្ថានទូតនៅកម្ពុជានាឆ្នាំ១៩៨១។

សម្តេចប្រធានរដ្ឋសភា បានជម្រាបគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌា អំពីការបន្តរក្សាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេលវែង ព្រមទំាងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់ និងសកលលោក។ សម្តេចបានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមនឹងវិធានការស្តារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ នៅក្រោយវិបត្តិកូវីដ១៩។

សម្តេចបានលើកឡើងថា ចាប់តាំងពីនីតិកាលទី១មក រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តពង្រឹងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយបណ្តាសភានានា នៅក្នុងតំបន់ និងសកលលោក សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជាជាមួយសភាជាង ១០០ប្រទេស នៅលើសកលលោក ក្នុងនោះក៏មានរដ្ឋសភាឥណ្ឌាផងដែរ ក្នុងបំណងជំរុញលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាលក្ខណៈទ្វេភាគី ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក អំ បឺរឡា បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា តាមរយៈការជួបសន្ទនាជាទៀងទាត់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានធ្វើឱ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជា និងឥណ្ឌាកាន់តែស៉ីជម្រៅ។ លោកបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានឱ្យតម្លៃជាសំខាន់ចំពោះទំនាក់ទំនងប្រទេសទំាងពីរ។ មានគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ឥណ្ឌានៅកម្ពុជា ដូចជាវិស័យសុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដែលគម្រោងទំាងអស់នោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេច ហេង សំរិន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នាពេលខាងមុខ។ វត្តមានសម្តេច នៅប្រទេសឥណ្ឌាមានសារសំខាន់ ដើម្បីចូលរួមក្នុងវេទិកាអាស៊ាន-ឥណ្ឌាផងដែរ និងក្នុងឱកាសប្រទេសទំាងពីរប្រារព្ធខួបលើកទី៧០ នៃចំណងការទូត និងចំពេលដែលឥណ្ឌាប្រារព្ធខួបលើកទី៧៥ នៃទិវាឯករាជ្យជាតិ ក៏ដូចជាឱកាសម្ពោធអគាររដ្ឋសភាថ្មីផងដែរ៕