ឯកឧត្តម ហ៊ុន ម៉ានី៖ យើងធ្លាប់មានបទពិសោធន៍ និងការសាកល្បងធ្វើទុក្ខបុកម្នេញលើយើងជាច្រើនមកហើយ ហើយយើងមិនបណ្តោយឲ្យប្រជាជន រងទុក្ខលំបាកទៀតនោះទេ


ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជួបសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ចំនួន៣៤៨នាក់ មកពី១៣ឃុំ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្ត្រខេត្ត គណៈកម្មការបក្សឃុំ ស្រុក និងក្រុមការងារចុះជួយស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺច្រើនរូបទៀត។

មុននឹងឈានចូលដល់ការសំណេះសំណាល ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធី នៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានធ្វើបទបង្ហាញអំពីចំណុចសំខាន់ៗនៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី មកចែករំលែកជូនដល់អ្នកចូលរួមទាំងអស់ដើម្បីជាពុទ្ធិបន្ថែមសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ធ្វើយ៉ាងណាធានាបាននូវភាពស្របច្បាប់ក្នុងពេលបោះឆ្នោតក្នុងពេលខាងមុខនេះ។

ឯកឧត្តមបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងផ្នែកច្បាប់នេះ ដើម្បីរួមកិច្ចការងារជាមួយគ្នាជាមួយភ្នាក់ងាររបស់យើង ដែលស្របទៅតាមនីតិវិធីរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។

ថ្លែងក្នុ្ងងមតិសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចនូវប្រាប់អង្គពិធីទាំងអស់ដែលមិនត្រឹមតែជាភ្នាក់ងារគណបក្សនោះទេ តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឲ្យបន្តកិច្ចការដើម្បីផលប្រយោជន៍ជាតិ និងគាំទ្ររាល់ការដឹកនាំប្រកបដោយទស្សនវិស័យខ្ពស់ ឆ្ពោះទៅអនាគតកម្ពុជាសម្រាប់កូនៗ ចៅៗជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលដឹងសុខទុក្ខ នៅកៀកក្បែរប្រជាជនគ្រប់កាលៈទេសៈ និងជាជម្រើសតែមួយគត់សម្រាប់អនាគតកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា «យើងប្តូរផ្តាច់ជាមួយគ្នាក្នុងការថែរក្សា សុខសន្តិភាព ស្ថិរភាព និងសុខដុមរមនីយកម្មសង្គម ជៀសវាង និងទប់ស្កាត់ឲ្យខាងតែបាននូវទង្វើអនាធិបតេយ្យ ដែលកើតចេញពីទង្វើជ្រួលជ្រើមជ្រុលហួសដែនកំណត់ណាមួយ។ យើងធ្លាប់មានបទពិសោធន៍ និងការសាកល្បងនៃការធ្វើទុកបុកម្នេញជាច្រើនមកហើយ ហើយយើងមិនបណ្តោយឲ្យប្រជាជនយើង រងទុក្ខលំបាកទៀតនោះទេ»

សូមជម្រាបថា កម្មវិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា គឺជាបេសកកម្មទូទាំងខេត្តកំពង់ស្ពឺ របស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនៃបេសកកម្មនេះ លោកតំណាងរាស្ត្រក៏បានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានឃុំ ស្រុក ដើម្បីតាមដានវឌ្ឍនភាពការងារ និងពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ ធ្វើយ៉ាងណាដើម្បីបន្តការងារបម្រើប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕