ប្រកាសបញ្ចូលសមាជិកបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ចំនួន៣១៣រូប


ឯកឧត្តម ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ តំណាង ឯកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបញ្ជូលសមាជិកបន្ថែមថ្មីគណបក្សចំនួន៣១៣នាក់ទៀត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី២។

ពិធីប្រកាសបញ្ចូលសមាជិកបន្ថែមថ្មីនេះ បានរៀបចំធ្វើឡើង ក្រោមការចូលរួមពីលោក សំ ប៊ន និងលោក ឈិន ម៉ារ៉េត អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខណ្ឌ និងប្រធានគណបក្សសង្កាត់ លោក អ៊ុក ខេម៉ា ស្ថិតនៅទីស្នាក់ការគណកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ឯក ឃុនដឿន នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកបន្ថែមថ្មី ចំនួន៣១៣នាក់នេះដែរ បានគូសបញ្ជាក់ថា «យេីងជាសមាជិកបក្ស ម្នាក់ ត្រូវធ្វេីជាឃោសនិកម្នាក់ ជាប្រតិកម្មរហ័សម្នាក់ ជាសកម្មជនម្នាក់ ជាមេខ្យល់ម្នាក់ ហេីយត្រូវមានឆន្ទ:ការពារ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មួយសន្លឹក »។

សូមជម្រាបថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម ទូទាំងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕