លោកជំទាវបណ្ឌិត ម៉ែន សំអន៖ ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អ របស់មន្ត្រីនៅមូលដ្ឋាន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខណ្ឌច្បារអំពៅ។

លោកជំទាវប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ក៏បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អ នូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក។

លោកជំទាវ ម៉ែន សំអន ក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍ របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការគ្នាជំរុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកជំទាវ ម៉ែន សំអន ក៏បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌច្បារអំពៅ ត្រូវតែធ្វើអំពើល្អ និងមានភាពស្មោះត្រង់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់ គណបក្សឲ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក។

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះ ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ដបអាកុល ថង់យួរ និងថវិកា៥ម៉ឺនរៀល៕