សម្តេចតេជោ ហ៊ុន សែន៖ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសសម្តេចតេជោ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលក៏បាន និងកំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាកង្វះថាមពល, ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាច ជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល»

សូមជម្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ សហគមន៍អន្តរជាតិ បានចាត់ទុកវាថាជាសង្រ្គាមឈ្លានពាន ហើយវាបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ បានបញ្ចប់ ដោយប្រជាជនអ៊ុយក្រែនជាង ៤.១ លាននាក់បានរត់ចេញពីប្រទេស និងមួយភាគបួននៃចំនួនប្រជាជនសរុបបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ។

តម្លៃប្រេងបានកើនឡើងកាន់តែខ្ពស់ ចាប់ពីពាក់កណ្តាលខែមេសា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងប្រទេសរុស្ស៉ីជាមួយប្រទេសអ៊ុយក្រែន បានឈានដល់ទីបញ្ចប់ ដោយគ្មានលទ្ធផល ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់។ ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានឡើងថ្លៃ ៤៨សេន ឬ ០,៥ ភាគរយដល់ ១០៥,១២ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ២៨សេន ឬ ០,៣ភាគរយដល់ ១០០,៨៨ដុល្លារក្នុងមួយបារ៉ែល។

ក្រៅពីបញ្ហាប្រេងឆៅឡើងថ្លៃ ជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន ក៏ធ្វើឲ្យប៉ះពាល់ជាអវិជ្ជមាន ដល់អវិជ្ជមានដល់ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលទៀតផង៕