សម្ដេចតេជោ ហ៊ុន សែន អំណរគុណចំពោះការផ្ដល់វ៉ាក់សាំងរបស់អ៉ីតាលី និងសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-អាស៊ាន និង EU-អាស៊ាន ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅពេលធ្វើជាប្រធានអាស៊ាន


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ បានប្ដេជ្ញាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឲ្យកាន់តែមានភាពរឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៉ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរ-កិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះ ការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «កម្ពុជាក៏សូមវាយតម្លៃខ្ពស់ ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ុតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន។ ក្នុងនាមប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២, កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឲ្យកាន់តែមានភាពរឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៉ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត»។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអ៉ីតាលី ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរឹតបណ្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៉ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កម្ពុជាសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរចំពោះការបង្កើតស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា នៅក្នុងឆ្នាំ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ចអ៉ីតាលី ជាពិសេសសមាគមធុរកិច្ចអ៉ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា៕