ក្រសួងការងារ និងអង្គការ IOM បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់កិច្ចគាំពារទៅលើពលករទេសន្តរប្រវេសន៍


គម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងលើកកម្ពស់ការរកការងារឱ្យធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) ក្នុងជំហានទី១ ដែលបានអនុវត្តនាពេលកន្លងមក (ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០២១) ត្រូវបានបញ្ចប់។

លោកស្រី Nenette Motus នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ IOM ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចូលជួបឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ ដើម្បីសុំការឯកភាពគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីលើការអនុវត្តគម្រោង PROMISE ក្នុងជំហានទី២បន្តទៀត (ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៥)។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បានស្វាគមន៍ចំពោះលោកស្រី Nenette Motus ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះអង្គការ IOM ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍ប្រកបដោយស្ថិរភាព ជាដៃគូមិនអាចខ្វះបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា ជាពិសេសស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលពលករមិនអាចធ្វើការឆ្លងកាត់បាន ត្រូវជាប់គាំងនៅតាមបណ្តាប្រទេសនីមួយៗ ត្រូវបានអង្គការ IOM បានធ្វើការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកស្រី Nenette Motus បានគូសបញ្ជាក់ពីគម្រោង PROMISE ដែលជាកម្មវិធីថ្នាក់តំបន់ អនុវត្តក្រោមការដឹកនាំរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ គម្រោងនេះមានរយៈពេល៨ឆ្នាំ ចែកជាពីរដំណាក់កាលដំណាក់កាលទី១៖ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០២១, ដំណាក់កាលទី២៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២៥

នៅចន្លោះឆ្នាំ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការ IOM ប្រចាំប្រទេសកម្ពុជា ហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដោយលោកស្រីមើលឃើញថា កម្ពុជាមានការរីកចម្រើនប្លែកពីមុនច្រើន ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ឃើញថាមានវឌ្ឍនភាពច្រើនផងដែរ។ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការ IOM ចង់ផ្តល់ការគាំទ្រលើបញ្ហា បច្ចេកទេស និងឯកសារមួយចំនួនក្នុងករណីមានរបៀបវារៈពាក់ព័ន្ធទៅនឹងកិច្ចប្រជុំស្តីពីពលករទេសន្តរប្រវេសន៍នេះ និងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយទេសរន្តប្រវេសន៍នៅកម្ពុជាផងដែរ។

ឆ្លើយតបនឹងការជួយរបស់ IOM ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ ពិតជាមិនអាចរំលងពីប្រធានបទព័ន្ធពាក់ទៅនឹងពលករទេសន្តរប្រវេសន៍នេះឡើយ ដូច្នេះបានខាងអង្គការ IOM ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និងឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើនបន្ថែមទៀតសម្រាប់ធ្វើការដោះស្រាយនូវចំណុចប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ។ សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការជាមួយអង្គការ ILO លោករដ្ឋមន្ត្រីចង់ឃើញគោលនយោបាយមួយនេះក្លាយជាគោលនយោបាយជាតិ ដោយមានការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជាក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យគោលនយោបាយនេះ កាន់តែរឹងមាំ និងធានាបាននូវសុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍។

ឯកឧត្តម អ៉ិត សំហេង ឯកភាពគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ IOM ក្នុងការអនុវត្តគម្រោង PROMISE សម្រាប់ជំហានទី២បន្តទៀត។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានស្នើដល់អង្គការ IOM បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ពលករទេសន្តរប្រវេសន៍ និងជួយគាំទ្រក្នុងការអនុវត្តលើលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ CLMVT កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ទាក់ទងទៅនឹងផែនទីបង្ហាញផ្លូវទីក្រុងសៀមរាប ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMVT។ ព្រមជាមួយការកសាងសមត្ថភាព ការលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករ និងទីភ្នាក់ងារជ្រើសរើសឯកជនស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត (IRIS)។

ចំណុចមួយទៀត ដែលភាគីទាំងពីរយកមកពិភាក្សាផងដែរ ទៅលើកិច្ចប្រជុំនៃតំបន់មេគង្គស្តីពីពលករទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ដែលកម្ពុជាជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលនឹងត្រូវរៀបចំធ្វើឡើងនាខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមការជួយឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី៕