អភិបាលខេត្តកំពង់ធំ ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលរដ្ឋាភិបាលផ្តល់សិទ្ធិបន្ថែមជូនពលរដ្ឋ ក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ មានចំនួន ៩,១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំម្សាក្រង ស្រុកស្ទោង។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺការចុះបញ្ជីដីធ្លីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ ជាឯកសារសំអាងរឹងមាំ ដោយមិននណាម្នាក់មកបំពានយកដី ព្រំប្រទល់ដីបាននោះទេ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមអំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។

ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួន ស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ៕