ពលរដ្ឋងាយរងគ្រោះ៣០គ្រួសារ ក្នុងសង្កាត់ទឹកល្អក់ទី៣ ទទួលបានអំណោយដើម្បីដោះស្រាយជីវភាពពីកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក


ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ ក្រោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ដែលជាសេនាធិការ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្នុងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារនេះ បានរៀបចំធ្វើឡើងដោយមានការចូលរួមពីលោក ហួរ ហួត អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌ និងលោក-លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ហើយនឹងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២២។

ឯកឧត្តម ជា ពិសី ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺ ទីណាក៏ដោយ ឱ្យតែមានប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឬជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច។

ឯកឧត្តម ជា ពិសី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ក្នុងការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) និងតាមរយៈការបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។
*៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៉ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩)។

សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកស៉ីអ៉ី១យួរ, ត្រីខយួរ, ជែលលាងដៃ១ដប, និងថវិកាចំនួន ៣០,០០០រៀល៕