ឯកឧត្តមរដ្ឋមន្ត្រីការងារ៖ ការវិនិយោគជប៉ុន ពាំនាំប្រព័ន្ធបច្ចេកវិទ្យាទំនើបមកដល់កម្ពុជា


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកត់សម្គាល់ថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើង និងមានច្រើនផ្នែក ដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម ខណៈការវិនិយោគទាំងនោះបានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ។

ឯកឧត្តមថ្លែងបែបនេះក្នុងពេលទទួលជួបលោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣-២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុន នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសជប៉ុន តាមរយៈជំនួបកំពូលរបស់ថ្នាក់ដឹកនាំកាន់តែពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីជំរុញឲ្យខាងភាគីជប៉ុនទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើន ពីព្រោះនៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

លើវិស័យការងារ ឯកឧត្តម អ៉ិត សំហេង បានអះអាងថា កម្ពុជាមានកិច្ចសហប្រតិបត្តិសម្រាប់កម្មសិក្សាការី និងពលករជំនាញចេញទៅធ្វើការនៅជប៉ុន និងដោយសារទីផ្សារនៅជប៉ុន ផ្តល់នូវប្រាក់កម្លាំងពលកម្មខ្ពស់ ដែលអាចទាក់ទាញពលករពីក្រៅប្រទេសនានា។ ម្យ៉ាងទៀត ពលករដែលបានបម្រើការនៅទីនោះ ទទួលបាននូវការអាណិតស្រលាញ់រាប់អានពីអ្នករួមការងារ និងថៅកែរបស់ពួកគេផងដែរ។

លោក Fumiaki Takahashi បានជម្រាបជូនលោករដ្ឋមន្ត្រីថា នៅក្នុងឆ្នាំ២០១៩ ខាងសមាគមរបស់លោកក៏ធ្លាប់បានដឹកនាំអ្នកវិនិយោគជប៉ុនមកសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជាម្តងហើយដែរ ប៉ុន្តែដោយសារតែមានបញ្ហាកូវីដ-១៩ ធ្វើឲ្យរំខាននូវដំណើរការច្រវាក់ផលិតកម្ម និងវិនិយោគ ទើបខាងសមាគមខកខានមិនបានមកកាន់កម្ពុជា។ ឯកឧត្តមមើលឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់ ប្រទេសកម្ពុជាបានទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏រីករាយដែលបានជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីទទួលបាននូវព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងវិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា អ្នកវិនិយោគជប៉ុនមកកម្ពុជាមានការកើនឡើងមានច្រើនផ្នែក ដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារទំនើបជាដើម។ ការវិនិយោគរបស់ជប៉ុនបានរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាន់សម័យ។ មកដល់បច្ចុប្បន្ន និងឱកាសវិនិយោគោនៅកម្ពុជាមានភាពល្អប្រសើរ ដោយសារកម្ពុជាមានសមត្ថភាពអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនដែលបានជួយមកកម្ពុជាក្នុងវិស័យសុខាភិបាល ដោយផ្តល់នូវជំនួយវ៉ាក់សាំងមកដល់ពលរដ្ឋកម្ពុជា ព្រមទាំងវិស័យជាច្រើនទៀតដែលរាជរដ្ឋាភិបាលជប៉ុនបានជួយដល់កម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានជម្រាបទៅកាន់អ្នកវិនិយោគជប៉ុនថា កម្ពុជាបានរៀបចំនូវច្បាប់វិនិយោគថ្មី ដើម្បីជួយសម្រួលដល់បរិយាយកាសវិនិយោគនៅកម្ពុជាផងដែរ៕