ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមយុវជន ព្រះសង្ឃ និងនិស្សិត ចុះទស្សកិច្ចសិក្សានៅផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន ព្រះសង្ឃ និងសិស្សនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រមាណជាង ៤០០នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

នៅក្នុងកំឡុងពេលចុះទស្សនកិច្ចសិក្សានេះ យុវជន ព្រះសង្ឃ និងនិស្សិតទាំងអស់ ក៏បានចុះពិនិត្យនិងសិក្សាស្វែងយល់ដោយផ្ទាល់ ពីការសាងសង់ផ្លូវល្បឿនលឿន ក៏ដូចជាបានធ្វើដំណើរលើផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីជាការស្វែងយល់ពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ក៏ដូចជាបានឃើញដោយផ្ទាល់ពីភាពរីកចំរើន នៃក្រុងព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តការស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារ អាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។

ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។

គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានការសាងសង់ ៨០ភាគរយហើយ។ នេះបើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ (ជាថវិកាវិនិយោគរបស់ក្រុមហ៊ុនឯកជន ក្រោមរូបភាព (សាងសង់-ប្រតិបត្តិការ-ផ្ទេរ- BOT)»