(កំពង់ធំ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំជាមួយរដ្ឋបាល ខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គភាពច្រកចេញចូលតែមួយ ដើម្បីឈ្វេង យល់ អំពីៈ «ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងក្របខ័ណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន»។
មានប្រសាសន៍បើកកិច្ចប្រជុំឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ព្រមទាំងដំណើរការនៃការបំពេញមុខងារស្នូលទាំងបីថា ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។ ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្មមុខងារ តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ មុខងារនីមួយៗអនុវត្តក្នុងពេលវេលាខុស ៗគ្នា ដូចជានៅចន្លោះសម័យប្រជុំព្រឹទ្ធសភា ជាទូទៅគណៈ កម្មការទាំង១០ របស់ព្រឹទ្ធសភា និងយន្តការផ្សេងទៀត នឹងចុះបំពេញមុខងា រតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង តាមរយៈការចុះជួបពិភា ក្សាការងារជាមួយ ក្រសួង ស្ថាប័នតាមវិស័យជាសមត្ថកិច្ច និងចុះតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានាទាក់ទងនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែង គណៈប្រតិភូគណៈកម្មការទី១០ បាននិងកំពុងចុះបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈប្រតិភូ បានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយឆ្លុះបញ្ចាំងអំពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពុករលួយ និងរំលោភអំណាច ព្រមទាំងផលប៉ះពាល់នានានៃអំពើពុករលួយដល់សេដ្ឋកិច្ចសង្គម។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍ចំពោះគណៈកម្មការ ទី១០ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈយន្តការច្រកចេញចូតែមួយ និងការិយាល័យប្រជាពលរដ្ឋ។ ការបង្កើតឱ្យមានច្រកចេញចូលតែមួយកំណែទម្រង់ដ៏ត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ និងមានការចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងយ៉ាងនេះក្តី ក៏ខេត្តនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការគ្នាជួយដោះស្រាយថែមទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាលើរបៀបវារៈនីមួយៗរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានបំពេញតួនាទីដឹកនាំ សម្របសម្រួលកិច្ចដំណើរការការងារទូទៅ សម្រេចបានសមិទ្ធផលគួរឱ្យកត់សំគាល់ ពិសេសការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈ ការ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានជោគជ័យជាបន្តបន្ទាប់។
បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបប្រជុំជាមួយនឹងរដ្ឋបាលក្រុងស្ទឹងសែន ដឹកនាំដោយលោក ម៉ាក់ ប៊ុនហុង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន ស្ថិតនៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕