នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងស្រុក និងឃុំទាំង១៦ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាឃុំ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
ពិធីសំណេះសំណាលនាពេលនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះលោកជំទាវបានជម្រុញដល់ថ្នាក់ដឹកនាំថ្នាក់ដឹកនាំស្រុក ឃុំ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅទូទាំងស្រុក ឃុំ និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុននេះ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់ស្រុករមាសហែកចំនួន១,០០០,000រៀល និងឃុំទាំង១៦ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន១,២០០,០០០រៀល សរុបថវិកាចំនួន២០,២០០,០០០រៀល (ម្ភៃលានពីរសែនរៀល) ព្រមទាំងជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់ក្រុមប្រឹក្សាឃុំជានារីទាំង១៦ឃុំនៃស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ៕