សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅពេលអញ្ជើញទៅសហរដ្ឋអាមេរិក និងប្រទេសស្វីស សម្តេចនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងរស់នៅ និងសិក្សានៅទីនោះ។
ការថ្លែងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំកម្មវិធីទៅក្រៅប្រទេសថ្ងៃទី១០ នៅថ្ងៃទី១០ ខែ០៥ ខ្ញុំត្រូវចេញដំណើរទៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅវ៉ាស៊ីនតោន ឃើញលិខិតរបស់ប្រធានាធិបតីភាពអាមេរិក ចូ ប៉ៃឌិន បានផ្ញើមកខ្ញុំហើយ ហើយខ្ញុំត្រឡប់ទៅវិញនឹងចុះហត្ថលេខានូវលិខិតឆ្លើយតប…! ល្ងាចថ្ងៃទី១០ ខ្ញុំទៅដល់ ថ្ងៃទី១០-១១ ខ្ញុំធ្វើការជាមួយប្រជាពលរដ្ឋខ្មែរ យើងនៅទីនោះ ដែលអាចនឹងមានការជួបជុំប្រមាណជាង ១ពាននាក់ ព្រោះកន្លែងដាក់មានតែប៉ុណ្ណឹង ត្រលប់មកវិញថ្ងៃទី ១៥ មកដល់ខ្មែរវិញ […] យប់នៅថ្ងៃទី២០ នឹងត្រូវចាប់ផ្តើមហោះទៅស្វីស ហើយត្រៀមជួបប្រជាជនខ្មែរ នៅអឺរ៉ុប ដែលផ្សាយផ្ទាល់ចេញពីទីនោះតែម្តង ដែលថ្ងៃនោះចំថ្ងៃទី២១ គឺជាថ្ងៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុន្តែ ខ្ញុំមិនឃោសនានោះទេ ខ្ញុំជួបប្រជាពលរដ្ឋ ព្រោះខានជួបពួកគាត់២ឆ្នាំមកហើយ ដែលខ្ញុំតែងតែទៅជួបពួកគាត់… ហើយខានជួបពួកគាត់ដោយសារតែបញ្ហាកូវីដ១៩ហ្នឹង»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្តេច និងគណៈប្រតិភូនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឱ្យបានមុនម៉ោង៦ព្រឹក ដើម្បីចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រមុខរដ្ឋ ប្រមុនរដ្ឋាភិបាលផ្សេងទៀត នៅម៉ោង១១ថ្ងៃត្រង់ តាមរយៈប្រព័ន្ធអនឡាញ នៅក្នុងវេទិកា «អនាគតអាស៊ី»៕