ក្រសួងសេដ្ឋកិច្ច បន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ជាមួយដៃគូ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងសង្គមស៊ីវិល


នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគាសូហ្វីថែលភ្នំពេញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំការ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអ៊ឺរ៉ុបប្រចាំការកម្ពុជា និងដៃគូអភិវឌ្ឍផ្សេងៗទៀត ដូចជា WB ADB IMF ជាដើម, វិស័យឯកជន, គ្រឹះស្ថានធនាគារ, ស្ថាប័នស្រាវជ្រាវ និង អង្គការសង្គមស៊ីវិល។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ មានលក្ខណៈជាក្របខណ្ឌគតិយុត្តគោល សម្រាប់គ្រប់គ្រងថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជាការងារផ្សេងទៀតពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ក្នុងយុគសម័យទំនើប។

នៅក្នុងកិច្ចដំណើរការនៃការកសាងសេចក្តីព្រាងច្បាប់នេះ, មានការសិក្សាគ្រប់ជ្រុងជ្រោយ ដោយដកស្រង់នូវមេរៀន បទពិសោធន៍ និងឧត្តមានុវត្តជាអន្តរជាតិពីប្រទេសជាច្រើន ដូចជាបារាំង ថៃ ម៉ាឡស៊ីជាដើម ហើយច្របាច់បញ្ចូលទៅនឹងប្រព័ន្ធ និងបទពិសោធន៍នៃការអនុវត្តជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើឲ្យសេចក្តីព្រាងនេះ មានលក្ខណៈរស់រវើក អាចឆ្លើយតបទៅបរិការណ៍របស់កម្ពុជាផង និងពិភពលោកផង។ ក៏ប៉ុន្តែដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការដ្ឋានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរយៈពេលវែង តាមរយៈការកសាងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈមួយ ដែលមានភាពឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ក្នុងការបែងចែក និងប្រើប្រាស់ធនធានសាធារណៈ ក៏ដូចជាការទ្រទ្រង់ កំណើនសេដ្ឋកិច្ច, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសមធម៌សង្គម។ ការងារនេះ ក៏នឹងរួមចំណែកក្នុងការកសាងភាពធន់របស់កម្ពុជា ក្នុងការទប់ទល់នឹងវិបត្តិផ្សេងៗ ដែលតែងតែកើតឡើងជារើយៗនៅថ្ងៃអនាគត។ ក្នុងខណៈដែលបច្ចុប្បន្ន, ពិភពលោក ក៏ដូចជាកម្ពុជា បាននិងកំពុងឆ្លងកាត់ក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងអំពីភាពបន្ទាន់ និងចាំបាច់នៃការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានភាពរឹងមាំ និងភាពធន់កាន់តែខ្ពស់។

ក្នុងនាមជាប្រធានគណៈកម្មាធិការ ដឹកនាំការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, លោក វង្សី វិស្សុត បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ ជាការធ្វើទំនើបកម្មឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងត្រូវបានរៀបចំកាត់តែងឡើង ស្របតាមទិសដៅកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។

ឯកឧត្តមបានបន្តថា យើងបានចំណាយពេលយ៉ាងច្រើនប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សាស្រាវជ្រាវពីនម្មានុវត្តរបស់បណ្តាប្រទេសផ្សេងៗ ក្នុងនោះអំពីប្រព័ន្ធហិរញ្ញវត្ថុ របស់បារាំង ដោយបញ្ចូលគ្នាជាមួយមតិយោបល់ពីសំណាក់ក្រុមជំនាញការបារាំង និងជំនាញការមកពី IMF ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់ដល់ការកែទម្រង់ និងអាចអនុវត្តបានស្របតាមបរិការណ៍កម្ពុជា ប្រកបដោយសុក្រឹត្យភាព នៅក្នុងរយៈពេលវែងទៅមុខ ហើយច្បាប់នេះក៏មិនមែនធ្វើឡើង ដើម្បីការពារសិទ្ធិអំណាចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអ្នករៀបចំនោះទេ តែក្នុងគោលដៅកសាងប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុសាធារណៈមួយ ដែលមានលក្ខណៈរឹងមាំ និងភាពធន់ ក្នុងបរិការណ៍ដែលធនធានសាធារណៈកាន់តែកម្រ និងពិបាកស្វែងរក។

ឯកឧត្តមក៏បានលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់នេះ នឹងកំណត់អំពីគោលការណ៍ជាមូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស ជំហាននីមួយៗនៃដំណើរការរៀបចំ អនុម័ត អនុវត្ត និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំងការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

ឯកឧត្តម វង្សី វិស្សុត បានគូសរំលេចទស្សនាទាន និងគោលការណ៍សំខាន់ៗមួយចំនួន ដែលត្រូវបានដាក់ចូលក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ដែលដូចជា៖

(១)៖ កំណត់គោលការណ៍គ្រឹះថវិកាទាំង ១០ ឡើងវិញ
(២)៖ បញ្ចូលនូវ មូលនិធិបម្រុងហិរញ្ញវត្ថុ ដែលជា ប្រាក់សន្សំរបស់រដ្ឋ ដើម្បីត្រៀមឆ្លើយតបទៅនឹងវិបត្តិផ្សេងៗជាយថាហេតុ ដូចជាជំងឺឆ្លងរាលដាលជាសកល ដែលពុំធ្លាប់មានពីមុនមកក្នុងរយៈពេលកន្លងទៅនេះ
(៣)៖ កំណត់អំពីក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌថវិការយៈពេលមធ្យម
(៤)៖ រៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រភេទចំណូល-ចំណាយថវិកា
(៥)៖ ច្របាច់បញ្ចូលនូវប្រព័ន្ធនៃការរៀបចំ ថវិកាពីរចូលគ្នា គឺ ថវិកាផ្អែកលើឆ្នាំចាស់ (Incremental budgeting) និង ថវិកាមូលដ្ឋានពីសូន្យ (Zero based budgeting) ដើម្បីជាមូលដ្ឋាននៃការកំណត់កញ្ចប់ថវិកា
(៦)៖ កាត់បន្ថយអំណាចត្រួតពិនិត្យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្ទេរសិទ្ធិអំណាចជាដុំកំភួន ឲ្យទៅក្រសួងស្ថាប័ន ពិសេសអង្គភាពថវិកា ដោយពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ក្រសួងស្ថាប័ន ដោយតម្រូវឲ្យក្រសួងស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល ឆ្លើយបំភ្លឺអំពីគម្រោងចំណូល និងចំណាយ ព្រមទាំងរបាយការណ៍សមិទ្ធកម្មរបស់ខ្លួន ក្នុងអំឡុងពេលនៃការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនៅស្ថាប័ននីតិបញ្ញាត្តិ
(៧)៖ កែសម្រួលការត្រួតពិនិត្យចំណាយតាមនីតិវិធីខ្លី សាមញ្ញ និងអាចបត់បែនបាន សម្រាប់ក្រសួងស្ថាប័ន ដែលអនុវត្តបានល្អ ប្រកបដោយប្រសិទ្ធភាព មានវិន័យ និងសន្សំសំចៃ និងការរឹតបន្តឹងការត្រួតពិនិត្យចំណាយសម្រាប់ក្រសួងស្ថាប័ន ដែលនៅមានភាពខ្វះចន្លោះ ឬទន់ខ្សោយផ្នែកអភិបាលកិច្ច
(៨)៖ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅក្នុងការរៀបចំ ថវិកា, ការអនុវត្តថវិកា និងតាមដានវាយតម្លៃ
(៩)៖ កំណត់គោលការណ៍ជាមូលដ្ឋាននៃប្រព័ន្ធគណនេយ្យសាធារណៈ ចំនួន៣ គឺគណនេយ្យថវិកា គណនេយ្យទូទៅ និងគណនេយ្យវិភាគ
(១០)៖ ធ្វើសុខដុមនីយកម្ម និងកំណត់មុខងារកុំឲ្យជាន់គ្នារវាងប្រព័ន្ធត្រួតពិនិត្យ, ការធ្វើសវនកម្មផ្ទៃក្នុង និងសវនកម្មផ្ទៃក្រៅ
និង (១១)៖ កំណត់គុណវុឌ្ឍសម្រាប់មន្រ្តីជំនាញទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ជាដើម ដោយភ្ជាប់ប្រព័ន្ធលើកទឹកចិត្ត ការអភិវឌ្ឍសមត្ថភាព និងការដាក់ពិន័យ៕