គ.ជ.ប៖ លទ្ធផលផ្លូវការ នៃការចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានបេក្ខជនសរុប ៨៦,០៩២នាក់ក្នុងចំណោមគណបក្សនយោបាយ១៧


ផ្អែកតាមរបាយការណ៍ផ្លូវការ នៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត, មានគណបក្សនយោបាយចំនួន១៧ និងមានបេក្ខជនសរុបចំនួន ៨៦,០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧,៨១៣នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីឃុំ សង្កាត់ទាំង ១,៦៥២ នៅទូទាំងប្រទេស សម្រេចបាននូវបញ្ជីបេក្ខជនផ្លូវការ និងបានចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ឃុំ សង្កាត់នីមួយៗរួចរាល់ ដោយផ្អែកតាមបទបញ្ជា និងនីតិវិធី រួមទាំងប្រតិទិននៃការបោះឆ្នោត៕