អភិបាលខេត្តកណ្ដាល ក្រើនរំឮកមន្ត្រីនគរបាលមូលដ្ឋាន ត្រូវចុះដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានក្រើនរំឮកដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវចុះឱ្យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ ដោយដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលពួកគាត់កំពុងប្រទះឱ្យ បានទាន់ពេលវេលា ជាមួយនឹងស្នាមញញឹម ប្រកបដោយការទទួលខុសត្រូវ និងទទួលមកវិញនូវស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការក្រើនរំឮកបន្ថែមបែបនេះ របស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ ដែលទំហំ ១១ម៉ែត្រ គុណ៩ ម៉ែត្រ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យភូមិ ឃុំ មានសុវត្ថិភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះទាំងអស់ ជាងនេះទៀត ត្រូវផ្លាស់ប្ដូរឥរិយាបថ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាទាញយកបេះដូង និងស្នាមញញឹមរបស់ពួកគាត់ឱ្យបាន»

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាព ឯកភាព ស្ថិរភាព និងកិត្យានុភាពជាតិពេញលេញក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាពុំធ្លាប់មានជាង ៥០០ឆ្នាំកន្លងមក ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ ដែលនេះជាបុរេលក្ខខណ្ឌសម្រាប់ធ្វើការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើន និងលេចធ្លោរស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស សកម្មភាពក្មេងទំនើង និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន។

ក្នុងនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរាយការណ៍នៅគ្រប់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ការប្រើប្រាស់ ការជួញដូរ និងបទល្មើសផ្សេងទៀត ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគាត់ធ្វើការបង្ការ បង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលាផងដែរ៕