ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ចំនួន១,៧៥៣នាក់


នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់។

ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។

ក្នុងឱកាសអញ្ជើញសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១,៧៥៣នាក់ គឺជារឿងដ៏រីករាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយសិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូនក្លាយជាសិស្សឆ្នើម។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះសិស្សទាំងអស់ ដែលបានប្រលងជាប់បាក់ឌុបឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសម្តែងការសោកស្តាយចំពោះសិស្សដែលប្រលងធ្លាក់។ សម្តេចតេជោ សង្ឃឹមពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បីប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលាបណ្តុះបណ្តាលបច្ចេកទេសនានា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការស្រាវជ្រាវពីមូលហេតុ ដែលនាំឱ្យសិស្សនិទ្ទេស A មួយចំនួន មិនទាន់បានចូលមហាវិទ្យាល័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រេងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀនពេលជំងឺកូវីដ១៩ រាតត្បាត គឺដើម្បីធានាអាយុជីវិតសិស្ស និងគ្រូបង្រៀន។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកសិស្ស និស្សិតនៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង បន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើវ៉ាក់សាំង Pfizer អាមេរិក ដឹកមកដល់កម្ពុជាព្រឹកនេះ ជាដូសជំរុញ។

* រដ្ឋមន្ត្រីក្រសួងអប់រំ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា សិស្សនិទ្ទេស A មិនទាន់បានចូលមហាវិទ្យាល័យ គឺពួកគេរង់ចាំប្រលងចូលសាលាពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាណាព្យាបាល ដែលបានគ្រប់គ្រងកូនបានល្អក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ហើយជួយឱ្យពួកគេនៅបន្តបានការសិក្សារៀនសូត្រ។ សម្តេចតេជោ ចាត់ទុកនេះជារឿងដ៏មានមោទនភាពសម្រាប់ជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្រក់ទឹកភ្នែកនៅពេលបានស្តាប់ចម្រៀងមួយបទនិពន្ធដោយជនជាតិជប៉ុន ពេលឃើញស្ថានភាពធ្លុះធ្លាយ នៃសាលារៀនខ្មែរពីអតីតកាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានចំណាត់ការឱ្យបានល្អលើការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទេ មិនអាចធ្វើឱ្យពលរដ្ឋលេងសប្បាយពេលចូលឆ្នាំថ្មីប្រពៃណីជាតិនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលការដឹកនាំរបស់សម្តេចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺមានចលនារារាំងរបស់មនុស្សមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង តែទីបំផុតប្រជាពលរដ្ឋស្តាប់រាជរដ្ឋាភិបាល ហើយចេញទៅចាក់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាសម្តេចមិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹងនៅដេកគុកនៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្តេចបង្ខំចិត្តចេញអន្តរាគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា ចុងក្រោយសំណុំរឿងត្រូវបានសម្រួលបញ្ចប់ ដោយឧកញ៉ា ហេង សៀ បានទទួលស្គាល់កំហុសរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចធ្វើជាតិរិច្ឆានអង្គុយមើលរឿងអយុត្តិធម៌នៃការរំលោភបំពានទៅលើកញ្ញា ពេជ្រ រីតា ពីសំណាក់ឧកញ៉ា ហេង សៀ នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមេដឹកនាំដែលចូលចិត្តសង្កេតរាល់កិច្ចការមិនថាការងារតូច ឬធំនោះឡើយ។ ការបញ្ជាក់នេះ គឺតបនឹងមនុស្សចំនួនដែលបានរិះគន់សម្តេច រឿងអន្តរាគមន៍លើការងារផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់សិស្ស និងអាណាព្យាបាល ឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ដែលមនុស្សជំនាន់មិនមាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចស្ថានភាពពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្នាំ១៩៧៩ សាលារត់រកសិស្ស តែពេលបច្ចុប្បន្នសាលារត់រកសិស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាំដើមឈើប្រើពេលខ្លីទទួលបានផល តែការកសាងធនធានមនុស្សត្រូវការពេលវេលាយូរឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំ ត្រូវតែបន្តធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីធ្វើឱ្យការអប់រំកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងមួយចំនួនរិះគន់ការអប់រំនៅស្រុកខ្មែរ តែពេលចេញទៅក្រៅស្រុកត្រូវបានគេហៅសុទ្ធតែជាបណ្ឌិត ខណៈពួកគេបានទទួលការអប់រំត្រឹមស្រុកខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យរើសកងទ័ពជាង ៣០០នាក់ សម្រាប់បំពេញការងារផ្នែកកងទ័ពអាកាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវ យ៉ាងហោចណាស់ផ្នែកសីលធម៌ សម្រាប់សំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្រ រីតា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនទាន់បញ្ចប់ទេ។ កម្ពុជាទើបយកឈ្នះលើសមរភូមិកូវីដ១៩ មិនទាន់ឈ្នះលើសង្គ្រាមកូវីដ១៩នៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានសិស្សនិទ្ទេស A ពីរនាក់ និងអាណាព្យាបាលម្នាក់ បានរកឃើញជំងឺកូវីដ១៩ ពេលធ្វើតេស្ត្តរហ័សមុនចូលរួមកម្មវិធីសម្តេចតេជោ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលបានចេញវីដេអូស្វាគមន៍សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងជួបជាមួយខ្មែរនៅអាមេរិក ពេលសម្តេចអញ្ជើញទៅដល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំមើលថា មានមនុស្សប៉ុន្មាននាក់នឹងធ្វើបាតុកម្មប្រឆាំងនឹងដំណើរសម្តេចនៅអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តមិនឱ្យខ្មែរនៅអាមេរិកធ្វើបាតុកម្មប្រឆាំងនឹងអ្នកធ្វើបាតុកម្មប្រឆាំងដំណើរសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបន្តនៅពាក់ម៉ាស បើទោះបីសម្តេចបានប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យអាណាព្យាបាលកុំប្រៀបកូនខ្លួនឯងជាមួយអ្នកដទៃ ឬសរសើរកូនអ្នកដទៃ ហើយបន្ទោសបង្អាប់កូនខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យយុវជនដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងសរសើរលោក ហ៊ុន ម៉ាណែត ថា មិនសម្បូរអាហារហូបចុកពេលចាប់កំណើត តែភាពវៃឆ្លាតមិនចាញ់កូនៗកើតនៅភ្នំពេញ ហើយសម្បូរការហូបចុកនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A រួមមាន៖ iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងថវិកា ២លានរៀល។

* សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានដឹកនាំសិស្សចូលរួមកម្មវិធី ៤២១នាក់ ក្នុង១នាក់ ទទួលបានប្រាក់ស្លឹងមួយ សៀវភៅអប់រំពីរក្បាល និងថវិកា ១លានរៀល។ សម្តេចក៏បានឧបត្ថម្ភសាលា ៤២១ ដែលមានសិស្សជាប់និទ្ទេស A ចំនួន ៣លានរៀលផងដែរ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងមានសេរីភាពក្នុងការជ្រើសរើស។ សម្តេចតេជោ អំពាវនាវកុំឱ្យមានអំពើហិង្សាក្នុងពេលបោះឆ្នោត ជាដំណើរការធម្មតានៃប្រជាធិបតេយ្យ មិនមែនជាការកាប់សម្លាប់គ្នា ដើម្បីឈ្នះចាញ់នោះឡើយ។