ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មាន ត្រូវធ្វើការងារប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ គោរពច្បាប់ ដើម្បីទទួលបានការគោរពស្រឡាញ់ពីសាធារណជន


ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។

ក្នុងពិធីដ៏មានសារៈសំខាន់ និងមានការផ្សាយជាសាធារណៈផងនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម។

ដោយពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ព័ត៌មានក្រោមសម្ពាធឌីជីថល» លោកបណ្ឌិត ក៏បានលើកឡើងដែរថា ទោះបីប្រព័ន្ធបច្ចេកវិទ្យាវិវឌ្ឍន៍បែបណាក៏ដោយ ប៉ុន្តែវាគ្រាន់តែជាការអភិវឌ្ឍនៃមធ្យោបាយផ្តល់ព័ត៌មានប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រព័ន្ធផ្សាយនៅតែអាចឈរជើងរឹងមាំបាននោះ គឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានដើមរបស់អ្នកព័ត៌មាន ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយបន្តទទួលបានការជឿទុកចិត្តពីសាធារណជន និងអាចឈរជើងរឹងមាំ៕