មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គ្រោងបើកដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន YCH Group និងក្រុមហ៊ុន Worldbridge ដើម្បីរួមគ្នាសហការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) ដែលជាកន្លែងស្តុកទុកទំនិញ ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូល។

ពិធីអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន រវាងអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោក Robert Yap អគ្គនាយកក្រុមហ៊ុន YCH Group និងមានការចូលរួមពីតំណាងក្រុមហ៊ុន Infrastructure Asia (IA) ធនាគារអភិវឌ្ឍន៍អាស៊ី ឯកអគ្គរាជទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញរបស់ក្រសួង និងគណៈប្រតិភូជាច្រើនរូបទៀតផងដែរ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គ្រោងបើកដំណើរការសាងសង់ក្នុងពេលឆាប់ៗនេះ ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចរាល់ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះគម្រោងសាងសង់នេះ គឺមានការយឺតយ៉ាវខ្លះមកហើយដោយសារតែបញ្ហាជំងឺកូវីដ១៩កន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ក្រោយការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ រួចរាល់ និងអាចជួយលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយក្នុងការកាត់បន្ថយចំណាយ និងចំណេញពេលវេលា និងតម្លៃ និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក ទាំងតម្លៃ និងសេវាកម្ម ជាមួយគ្នានោះនឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីទាក់ទាញវិនិយោគិនបរទេស ឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាល កំពុងតែខិតខំកសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែង ជាមួយនឹងប្រទេសក្នុងតំបន់បានផងដែរ។

បើតាមលោក Robert Yap បានបញ្ជាក់ថា គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ២០០លានដុល្លារ សហរដ្ឋអាមេរិកផងដែរ៕