ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានចាត់តំណាងនាំយកអង្ករ ចំនួន៥តោន, មីជាតិចំនួន៣០០កេស និងទឹកត្រីចំនួន១០០យួរ ប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ក្នុងវិស័យមនុស្សធម៌ នៅពេលនេះ។
ជាមួយគ្នានេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងវិស័យការងារមនុស្សធម៌ ដើម្បីដោះស្រាយជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឱ្យដល់ដៃដល់មាត់បងប្អូនអតីតយុទ្ធជននិងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ទទួលបាននូវពុទ្ធពរទាំងឡាយ ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕