គ្រូបង្រៀន និងអាណាព្យាបាលមនុស្សអូទីស្សឹម និងដោនសាំងដ្រូមគួរត្រូវបានលើកទឹកចិត្ត


កណ្ដាល៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថា មនុស្សអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺជាអ្នកដែលត្រូវយកចិត្តទុកដាក់ជាងគេបើធៀបនឹងជនមានពិការភាពផ្សេងទៀត ដោយហេតុថាមនុស្សទាំងពីរប្រភេទនេះមានជាអ្នកមានបញ្ហាប្រាជ្ញាស្មារតីដែលត្រូវថែរក្សាពេញមួយជីវិត ដូច្នេះវត្តមាននៃឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ គឺមានភាពចាំបាច់នឹងគួរត្រូវបានលើកទឹកចិត្ត។
ថ្លែងក្នុងពិធីសំណេះសំណាល និងអបអរសាទរ ទិវាយល់ដឹងមនុស្សអូទីស្សឹម និងដោនសាំងដ្រូម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោក ឯម ច័ន្ទមករា បានលើកឡើងពីការបារម្ភ ចំពោះបញ្ហាប្រឈមនៅពេលមនុស្សអូទីស្សឹម និងដោនសាំងដ្រូម នៅពេលពួកគេបាត់បង់អាណាព្យាបាលក្នុងការមើលថែ។ លោកថាបច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងពិនិត្យមើលលទ្ធភាពពីវិធានការដើម្បីជួយដល់អ្នកមនុស្សទាំងពីរប្រភេទនេះនៅពេលជួបបញ្ហាផងដែរ។
លោកថា៖ «ឥឡូវនេះពួកគាត់នៅក្មេងៗ នៅតូចៗមិនអីទេ! តែដល់ពេលការវិវត្តិន៍វ័យរបស់គាត់ចាប់ពីអាយុ២០ឆ្នាំប្លាយឡើងទៅពេលហ្នឹងគឺពិបាកហើយ។ ឥឡូវនៅមានអាណាព្យាបាល នៅមានគ្រូបង្រៀនអីពេលនេះមិនអីទេ តែនៅពេលអស់ពួកគាត់ទៅតើអ្នកណាជាអ្នកជួយមើលថែ? នេះជាចំណោទដែលមិនទាន់មានចម្លើយនៅឡើយ»។
បើតាមលោក ឯម ច័ន្ទមករា បច្ចុប្បន្នរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាដែលនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីជាកន្លែងទទួលជួយនិងថែទាំដល់ជនមានពិការភាពទាំងអស់ផងដែរ។
លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់គ្រូបង្រៀន ឪពុកម្ដាយ និងអាណាព្យាបាលកុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) ដែលបានខិតខំមើលថែនិងបង្ហាត់បង្រៀនដល់ក្មេងៗ។ លោកក៏បានស្នើឱ្យសាលាមានការរៀបចំកម្មវិធីសិក្សាដើម្បីជំរុញស្មារតីក្មេងៗដែលមានបញ្ហាទាំងពីរនេះផងដែរ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូលសាលាអង្គការជំនួយក្ដីសង្ឃឹមសម្រាប់សហគមន៍ ទៅជាគ្រឹះស្ថានសាធារណៈដែលមានឈ្មោះថា វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សាលានេះជាសាលាអប់រំពិសេសក្នុងការអប់រំនិងថែទាំកុមារដែលមានជំងឺអូទីស្សឹម។
ប្រធានបណ្ដាញអូទីស្សឹមកម្ពុជា លោក ចាន់ សារិន បានលើកឡើងថា អ្នកជំងឺអូទីស្សឹមគឺជាអ្នកដែលមានប្រព័ន្ធប្រសាទស្មុគស្មាញនិងបញ្ហាជាច្រើនទៀតដែលកើតឡើងជាប្រចាំក្នុងពេលដែលពួកគេលូតលាស់។
លោកថា៖ «អាចនិយាយបានថាវាជាការលូតលាស់ទូទៅមិនជាក់លាក់ ហើយកុមារដែលមានអូទីស្សឹមនេះត្រូវបានគេកំណត់តាមរយៈភាពលំបាកក្នុងការទំនាក់ទំនងសង្គមជាពិសេសមនុស្សជុំវិញខ្លួន។ មិនទាន់មានអ្នកណាម្នាក់អាចបញ្ជាក់ពីមូលហេតុពិតពីហេតុអ្វីដែលធ្វើឱ្យមនុស្សមានអូទីស្សឹមនៅឡើយទេ»។
បើតាមលោក ចាន់ សារិន បច្ចុប្បន្នវិទ្យាល័យអប់រំពិសេស មានសិស្សអូទីស្សឹម និងដោនសាំងដ្រូម ចំនួន ២១៥ និងមានសិស្សជិត ២០០នាក់ផ្សេងទៀតកំពុងរង់ចាំដាក់ចុះឈ្មោះចូលរៀន។ ជាងនេះទៅទៀតសាលាក៏មានការបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេស ចូលរួមការប្រកួតសមត្ថភាពទាំងក្នុងនិងក្រៅប្រទេសផងដែរ។
លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចាត់ទុកការចួលរួមរបស់ឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ក្នុងការមើលថែទាំអប់រំដល់កុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺជាការរួមចំណែកមួយដល់រដ្ឋាភិបាល និងថាអ្នកទាំងនេះគួរត្រូវទទួលបានការលើកទឹកចិត្ត។
បើតាមលោក ឯម ច័ន្ទមករា ការមើលថែទាំដល់កុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងនោះគ្រូម្នាក់ត្រូវមើលខុសត្រូវសិស្ស ៣នាក់ ខុសពីការមើលថែទាំងកុមារទូទៅដែលត្រូវការគ្រូម្នាក់មើលខុសត្រូវលើសិស្ស ២៥នាក់។
លោកបានសំដែងនូវការសប្បាយរីករាយដែលសិស្សអូទីស្សឹម និងដោនសាំងដ្រូម អាចចេញទៅសំដែង និងចូលរួមការប្រកួតសមត្ថភាពលើឆាកអន្តរជាតិដែលបានបង្ហាញនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើជនមានពិការភាព។
លោកបានលើកឡើងថា កត្តាទាំងនេះបានមកពីកត្តាសន្ដិភាពដែលនាំឱ្យជនមានពិការភាពនៅកម្ពុជា រួមទាំងកុមារអូទីស្សឹម និងដោនសាំងដ្រូម បានទទួលនូវការយកចិត្តទុកដាក់ថែទាំ អប់រំ និងអាចចេញទៅប្រកួតបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិបាន។
ក្នុងពេលជាមួយគ្នានេះ លោក ឯម ច័ន្ទមករា ក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលកុមារអូទីស្សឹម និងដោនសាំងដ្រូមដែលបានយកពួកគេទៅទទួលវ៉ាក់សាំងកូវីដ-១៩ និងជំរុញឱ្យបន្តទទួលវ៉ាក់សាំងដូសជំរុញបន្ថែមទៀតតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ផងដែរ៕