ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន​ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាស្រុកក្រុងចំនួន៦ ក្នុងខេត្តកណ្តាល


ខេត្តកណ្តាល÷ថ្ងៃពុធ ទី០៤ ខែឧសភា​ ឆ្នាំ២០២២​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន​ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមបណ្តាស្រុកក្រុងចំនួន៦​ រួមមាន​ ស្រុកកោះធំ ស្រុកស្អាង​ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុក​អង្គស្នួល និងស្រុកពញាឮ ខេត្តកណ្តាល។ នាឱកាសនោះដែរ ឯកឧត្តម​កិត្តិសង្គហបណ្ឌិត​បាន​ពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស​ប្រជាជនកម្ពុជាជូនបងប្អូនជាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់។
ឯកឧត្តម​ ក៏បានក្រើនរំលឹក​ និងជម្រុញឱ្យអាជ្ញាធរ និងប្រធានក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ទាំងអស់យកចិត្តទុកដាក់លើចំនុចសំខាន់មួយចំនួនដូចខាងក្រោម :
-អប់រំសតិអារម្មណ៍ឲ្យប្រជាជនបោះឆ្នោតដោយវិចារណញ្ញាណ ជៀសវាងការបោះឆ្នោតដោយអារម្មណ៍
-ត្រូវចងចាំថាចំណុចខ្លាំងរបស់បក្សយើងគឺសម្មិទ្ធិផលដែលបានខិតខំកសាងកន្លងមក និងការសម្រេចបានជោគជ័យលើបញ្ហាជំងឺ COVID-19 រាល់ចំណុចខ្សោយរបស់យើងគឺជាចំណុចវាយប្រហាររបស់បក្សប្រឆាំង ដូច្នេះត្រូវព្យាយាមកាត់បន្ថយ និងឈានទៅលុបបំបាត់នូវចំណុចអសកម្មរបស់យើងនៅតាមមូលដ្ឋាន
-ប្រវត្តិសាស្រ្ត នៃរបបប្រល័យពូជសាសន៍ ក្មេងជំនាន់ក្រោយអាចនឹងមិនយល់ ហើយក៏មានប្រជាជនខ្លះអាចភ្លេច តែក្នុងនាមយើងជាសមាជិកបក្ស មិនត្រូវភ្លេចដាច់ខាត និងត្រូវបន្តផ្សព្វផ្សាយបង្ហាញពីការខិតខំរបស់បក្សយើងទើបមានអ្វីៗដូចសព្វថ្ងៃនេះ !
-ត្រូវមានការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដើម្បីឈានទៅយកភាពឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ
-ត្រូវតម្កល់ផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ជាតិ និងគណបក្សជាធំ ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិការមួយចំនួន ជូនគណបក្សស្រុក ក្រុង និងគណបក្សឃុំសង្កាត់សម្រាប់យកទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខផងដែរ។